(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើ «របាយការណ៍សិក្សាស្តីពីការពិនិត្យប្រព័ន្ធអេកូឡូស៊ីគោលនយោបាយថែទាំកុមារ មនុស្សចាស់ និងជនមានពិការភាពនៅកម្ពុជា» ដោយមានការចូលរួមពីតំណាងក្រសួងកិច្ចការនារី អង្គការអន្តរជាតិខាងការងារ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាន់ & មូន រីវើសាយ ដើម្បីចែករំលែកលទ្ធផលរបាយការណ៍សិក្សា ពិភាក្សា និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធលើអនុសាសន៍ និងទិសដៅអនុវត្តបន្ត សំដៅធ្វើឱ្យរបាយការណ៍នេះកាន់តែមានគុណភាព និងអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការកសាងប្រព័ន្ធអេកូឡូស៊ីគោលនយោបាយថែទាំនៅកម្ពុជា ប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាព ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច ដែលគិតគូរពីសុខុមាលភាព និងការលុបបំបាត់ឧបសគ្គសម្រាប់ជនមានពិការភាព ស្ត្រី ក្រុមជនក្រីក្រ និងក្រុមងាយរងហានិភ័យ ក្នុងការទទួលបានឱកាស និងការចូលរួមប្រកបដោយសមធម៌ក្នុងទីផ្សារការងារ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត គួច សុមាន បានគូសបញ្ជាក់ថា ការងារថែទាំមិនមែនជាបន្ទុកសង្គមធម្មតានោះទេ ប៉ុន្តែគឺជាមូលដ្ឋានគ្រឹះដ៏មានយុទ្ធសាស្ត្រក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងទីផ្សារការងារ។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការកសាងប្រព័ន្ធថែទាំប្រកបដោយបរិយាបន្ន គឺជាកិច្ចការអាទិភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។
ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងពន្លឿនការអនុវត្តយន្តការគាំពារសង្គមយ៉ាងសកម្ម តាមរយៈការជំរុញឱ្យមានទារកដ្ឋាននៅតាមសហគ្រាស និងការផ្តល់ការគាំពារយ៉ាងពេញលេញដល់មាតា និងកុមារតូច។ លើសពីនេះ ក្រសួងបានពង្រឹងការអនុវត្តរបបសោធននិវត្តន៍ភាគទាន ដើម្បីធានាសន្តិសុខប្រាក់ចំណូលសម្រាប់វ័យចាស់ជរា និងបន្តជំរុញការផ្តល់ឱកាសការងារប្រកបដោយសមធម៌សម្រាប់ជនមានពិការភាព តាមរយៈការអនុវត្តកូតាជ្រើសរើសបុគ្គលិកដោយផ្អែកលើភាពមិនរើសអើង និងការគោរពសេចក្តីថ្លៃថ្នូរ។
ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលដែលទទួលបានពីសិក្ខាសាលានាពេលនេះ នឹងក្លាយជាធាតុចូលដ៏មានតម្លៃសម្រាប់ការកសាងប្រព័ន្ធអេកូឡូស៊ីថែទាំនៅកម្ពុជា ឱ្យកាន់តែមានភាពធន់ និងចីរភាព។
ជាមួយគ្នានេះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការពីអង្គការអន្តរជាតិខាងការងារ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញឱ្យកម្ពុជាឈានឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាពសង្គមយ៉ាងពេញលេញ ស្របតាមចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា៕


















