ស្រុកស្នួល ខេត្តក្រចេះ ៖ ឯកឧត្តម បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យមើល កសិដ្ឋានចិញ្ចឹមគោយកសាច់មួយកន្លែងដែលមានទីតាំង ស្ថិតនៅឃុំ២ឆ្នូ ស្រុកស្នួល ខេត្តក្រចេះ។
ចាប់ផ្តេីមពីការចិញ្ចឹមខ្នាតតូច ឥឡូវនេះ កសិដ្ឋានចិញ្ចឹមគោយកសាច់ខាងលើនេះ គឺបានពង្រីកខ្លួនកាន់តែធំ រហូតអភិវឌ្ឍន៍ទៅជាសហគ្រាសផលិតចំណីសត្វ ឈ្មោះ”ដង្ខៅ ប៉ាង ” ដែលសព្វថ្ងៃចិញ្ចឹមគោសាច់ប្រមាណ ៣០០ក្បាល ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងចែកចាយបន្តនៅតាមបណ្តាខេត្តផ្សេងៗទៀត។
ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលផ្តោតសំខាន់លើវិស័យកសិកម្មជាធំនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល បានលើកទឹកចិត្តដល់កសិករខ្មែរយើង និងអ្នកវិយោគលើវិស័យចិញ្ចឹមសត្វ គួរពង្រីកការចិញ្ចឹមសត្វឲ្យកាន់តែច្រើននៅក្របខណ្ឌទូទាំងប្រទេស ដើម្បីបំពេញតម្រូវការសាច់ក្នុងស្រុក ព្រោះក្នុងមួយថ្ងៃៗ ការផលិត មិនទាន់គ្រប់ទីផ្សារនៅឡើយទេ។









