ស្រុកអង្គស្នួល,ខេត្តកណ្តាល៖ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះបានអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាកសិករស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។
នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាលជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើនអភិបាលខេត្ត, លោក នូ សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល ប្រធាន អនុប្រធាននិងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថាន,មន្ត្រីកសិកម្មមកពីឃុំមួយចំនួន លោកមេឃុំ មេភូមិ ព្រមទាំងប្រជាកសិករ សរុបចំនួន៤៥៩នាក់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បាន បញ្ជាក់ជូនកសិករថា កម្មវិធីមកជួបជុំនៅស្រុកអង្គស្នួលថ្ងៃនេះមានគោលបំណង ដើម្បីជូនព័ត៌មានថ្មីៗ និងស្តាប់ពីកង្វល់របស់បងប្អូនផងលើវិស័យកសិកម្មហើយទោះបីជាស្រុកអង្គស្នួលមានសេដ្ឋកិច្ចរីកចម្រើនផ្នែកឧស្សាហកម្មច្រើននិងសេវាកម្ម ប៉ុន្តែក៏មិនភ្លេចកសិកម្មទេ ដែលត្រូវការដាំដុះឲ្យបានកាន់ច្រើនសម្រាប់បង្កើនជីវភាពប្រជាកសិករនិងការរស់នៅប្រចាំថ្ងៃ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងជាទស្សនទានមួយចំនួនដែលខ្មែរខ្លាំងផ្នែកកសិកម្មថា បើក្រឡេកមើលសម័យមុនអង្គរនិងត្រឹមសម័យអង្គរគឺ កាលនោះការធ្វើកសិកម្មខ្មែរយើងសម័យអង្គរគឺ ១០០ភាគរយផ្តោតលើវិស័យកសិកម្មដែលធ្វើឲ្យសេដ្ឋកិច្ចខ្មែរយើងកាលនោះខ្លាំង ជាពិសេស មានភស្តុតាងដូចជា បារាយទឹកនៅតំបន់អង្គរនិងរូបចម្លាក់នៅលើប្រាសាទមួយចំនួនទៀតបង្ហាញថា ខ្មែរយើងក្លាយជាអាណាចក្រកសិកម្មចាប់ពីពេលនោះមក ដោយសារស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរយើងតែម្តង។
លើសពីនេះឯកឧត្ដមបណ្ឌិតប្រតិភូបានលើកឡើងថា សព្វថ្ងៃនេះវិស័យកសិកម្មនៅតែជាវិស័យមួយក្នុងចំណោម សសរស្តម្ភ៣ជាជន្ទល់សេដ្ឋកិច្ចរួមមាន វិស័យវាយនភណ្ឌកាត់ដេរ វិស័យទេសចរណ៍និងសេវាកម្ម ក្នុងនោះគឺវិស័យកសិកម្ម ដែលដើរស្របទៅនិងគោលនយោបាយដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានដាក់ចេញដោយប្រែក្លាយកម្ពុជាពីប្រទេសទទួលជំនួយជាអង្ករទៅជាប្រទេសនាំចេញអង្ករនៅឆ្នាំ២០១១ ហើយក៏បានដាក់ចេញនូវគោលនាំចេញអង្ករ១លានតោនឆ្នាំ២០១០ ទៅទីផ្សារពិភពលោក។
លើសនេះផលិតកម្មស្រូវក្រោយមកក៏បានបន្តកើនឡើងជាបន្តបន្ទាប់ ដែលជាក់ស្តែងកាលពីឆ្នាំ២០២៥ កម្ពុជាយើងនាំចេញអង្ករទៅទីផ្សារអន្តរជាតិបានជាង៩៤ម៉ឺនតោនទៅកាន់គោលដៅជាង ៦០ ហើយនេះបញ្ជាក់ថា ខ្មែរយើងមានឈាមជ័រផ្នែកកសិកម្ម គឺទៅណាមិនឆ្ងាយពីកសិកម្មនោះឡើយ ដូចជា ការចិញ្ចឹមសត្វ ធ្វើស្រែនិងការកែច្នៃទេបានជួយជំរុញសេដ្ឋកិច្ចក្នុងស្រុកផងដែរ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានអំពាវនាវដល់កសិករនៅស្រុកអង្គស្នួល និងកសិករផ្សេងទៀត ត្រូវចេះគិតថ្លៃដើមផលិត ដោយចេះសន្សំថ្លៃដើមចំណាយ ទើបធ្វើកសិកម្មមិនខាត ស្របពេលការឡើងថ្លៃប្រេងឥន្ធន: លើពិភពលោកនិងជីគីមីបានជំរុញការចំណាយលើកសិកម្មកាន់តែខ្ពស់ ដូច្នេះកសិករយើងត្រូវងាកមករួមគ្នាផលិតជីធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយ។
ចុងក្រោយបងប្អូនប្រជាកសិករអាចពិចារណាចូលរួមជាមួយសមាគមបណ្តាញកសិករតេជោបានគឺទី(១) ជាស្ពានស្វែងរកប្រភពហិរញ្ញវត្ថុ, ការទទួលបាននូវបច្ចេកទេស និងព័ត៌មានថ្មីៗ, ចម្លងសំលេង និងក្តីបារម្ភពីប្រជាកសិករជូនថ្នាក់ដឹកនាំ, និងជាស្ពានតភ្ជាប់ទៅកាន់ឱកាសផ្សេងទៀត និង(២) ឆ័ត្រ ឬខែល សម្រាប់កសិករជ្រក ពោលគឺចូលរួមការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករ ឬការពារពីការរំលោភបំពាន គៃចំណេញលើកសិករ៕











