ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកម្មវិធី «ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

កម្មវិធីដែលរៀបចំដោយ សភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham Cambodia) ក្រោមការផ្តួចផ្តើមរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នជាតិ តំណាងអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម និងសមាគមធុរកិច្ចអន្តរជាតិឈានមុខ ដែលជាតួអង្គសេដ្ឋកិច្ចដ៏សំខាន់ ព្រមទាំងសមាជិក សមាជិកា នៃស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ពិធីដ៏មានសារៈសំខាន់នេះធ្វើឡើងក្នុងគោលបំណងពិនិត្យឡើងវិញអំពីដំណើរការនៃយន្តការវេទិការាជរដ្ឋាភិបាល-វិស័យឯកជន (G-PSF) កំណត់ភាពខ្វះចន្លោះជាក់ស្តែងក្នុងការដាក់ស្នើបញ្ហា កិច្ចពិគ្រោះយោបល់ ការរៀបចំឯកសារ ការតាមដាន និងការត្រួតពិនិត្យ និងប្រមូលមតិយោបល់ពីសភាពាណិជ្ជកម្មអន្តរជាតិអំពីវិធីសាស្រ្តធ្វើឱ្យយន្តការ G-PSF កាន់តែច្បាស់លាស់ អាចព្យាករបាន និងមានប្រសិទ្ធភាពជាងមុន ព្រមទាំងពិភាក្សាអំពីកំណែទម្រង់អាទិភាពនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការងាររបស់ក្រុមការងារ G-PSF និងក្រុមការងារបច្ចេកទេសជាដើម៕

#MLVT #HENGSour