ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារ ARDB និងក្រុមហ៊ុន Mekong Strategic Capital ប្រកាសបើកសម្ពោធដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា “CCFF” ជាផ្លូវការ

ភ្នំពេញ៖ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សហការជាមួយក្រុមហ៊ុន Mekong Strategic Capital (MSC) បានរៀបចំពិធីសម្ពោធដាក់ឲ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility – CCFF)» នៅសណ្ឋាគារសុខា ភ្នំពេញ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាង ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន, ធនាគារជាតិនៃកម្ពុជា, ដៃគូអភិវឌ្ឍន៍ អន្តរជាតិ, គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ, និងក្រុមហ៊ុនឯកជនពាក់ព័ន្ធផ្សេងទៀត។

ជាលទ្ធផល,កម្មវិធី CCFF ដែលជាកម្មវិធីហិរញ្ញប្បទានអាកាសធាតុថ្នាក់ជាតិដំបូងគេបង្អស់នៅអាស៊ី សម្រាប់វិស័យឯកជន ក្រោមការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ជាមួយនឹងដើមទុន ចំនួន ១០០ លានដុល្លារអាម៉េរិក អនុម័តដោយមូលនិធិអាកាសធាតុបៃតង (GCF) ដែលមានធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ជាស្ថាប័នមានសម្បទា (Accredited Entity), ធនាគារ ARDB ជាប្រតិបត្តិករ, និង ក្រុមហ៊ុន MSC ជាទីប្រឹក្សាបច្ចេកទេស។

ព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់នេះ សម្រេចបាននូវលទ្ធផល និងចំណុចគន្លឹះចម្បងៗដូចខាងក្រោម៖
(១). ប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា និង ចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនៃកម្មវិធី CCFF។
(២). កម្មវិធីបានចាប់ផ្តើមបើកដំណើរការការផ្តល់ឥណទានបៃតងសម្បទានដោយផ្ទាល់ដល់គម្រោងបៃតង និងការផ្តល់ឥណទានបោះដុំដល់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក (LFIS) វិស័យអាទិភាព ចំនួន ៥ រួមមាន÷ (១) ថាមពលកកើតឡើងវិញ (២) ថាមពលប្រកបដោយប្រសិទ្ធភាព។ (៣) ប្រព័ន្ធធារាសាស្ត្រ, (៤) កសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដី និង (៥) ការដឹកជញ្ជូន ដែលមានការបំភាយឧស្ម័នផ្ទះកញ្ចក់ទាប។
(៣). អង្គពិធីបានសម្រេចលទ្ធផលយ៉ាងផ្លែផ្កា តាមរយៈការធ្វើបទបង្ហាញអំពីកម្មវិធី CCFF និងលក្ខណៈ សម្បត្តិរបស់អតិថិជនសក្តានុពលដែលអាចទទួលបានឥណទាន, ព្រមទាំងការរៀបចំកិច្ចពិភាក្សា ជាក្រុមចំនួន ២ លើសក្តានុពលនៃកម្មវិធី CCFF ក្នុងការបើកផ្លូវសម្រាប់ឥណទានបៃតងនៅកម្ពុជា និង នីតិវិធីរួមទាំងលក្ខខណ្ឌតម្រូវក្នុងការទទួលបានហិរញ្ញប្បទាន ដើម្បីត្រៀមលក្ខណៈសម្បត្តិ ក្នុងការស្នើសុំឥណទាន។
ឯកឧត្តម រស់ សីលវ៉ា បានគូសបញ្ជាក់ថា កម្មវិធី CCFF គឺជាគំរូដ៏សំខាន់ ក្នុងការកៀរគរ ទុនឯកជន ស្របតាមគោលដៅអាកាសធាតុជាតិ (NDC 3.0)។ ជាមួយគ្នានេះ ក្នុងសុន្ទរកថាបិទ លោកបណ្ឌិត កៅ ថាច បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញប្រតិបត្តិការឥណទាន ឱ្យមានប្រសិទ្ធភាពបំផុត៕