ភ្នំពេញ៖នាព្រឹក ថ្ងៃពុធទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះនៅសណ្ឋាគារ សុខាភ្នំពេញ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិក សមាជិកាក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមក្នុង ពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility “CCFF”) របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលកម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គោលដៅនៃកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា គឺដើម្បីគាំទ្រដល់ការចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចប់ និងការបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ដល់ហិរញ្ញប្បទានចំនួនពីរ រួមមានការផ្ដល់ឥណទានបោះដុំដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងស្រុកសម្រាប់គាំទ្រដល់ការអនុវត្តគម្រោងបៃតង និងការផ្ដល់ឥណទានដោយផ្ទាល់ដល់គម្រោងវិនិយោគឯកជនដ៏ទៃទៀតដែលមានលក្ខណៈបៃតង។





