រាជធានីភ្នំពេញ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី បានអញ្ជើញជាវាគ្មិនកិត្តិយសចែករំលែកបទពិសោធន៍ការងារ និងការដឹកនាំ ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជិត ៣,០០០នាក់ (ចូលរួមផ្ទាល់ជាង ១,៤០០នាក់ និងតាមប្រព័ន្ធ Zoom ជាង ១,៥០០នាក់)។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយកប៊ែលធី គ្រុប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវវាគ្មិន ដែលបានផ្តល់កិត្តិយសចែករំលែកចំណេះដឹងដ៏មានតម្លៃនេះ ហើយឯកឧត្តមបានផ្តាំផ្ញើឱ្យនិស្សិតទាំងអស់ត្រងត្រាប់ស្តាប់ និងកត់ត្រាទុកជាទុនសម្រាប់អភិវឌ្ឍសមត្ថភាពទៅអនាគត។
នៅក្នុងឱកាសនោះលោកជំទាវ ឡោក ខេង បានមានប្រសាសន៍ ជម្រាបជូនដល់និស្សិតទាំងអស់ ពីវិស័យទទួលខុសត្រូវ និងមុខងារស្នូលនៃវិស័យធំៗទាំង៤ របស់គណៈកម្មការទី៨ ដោយផ្តោតលើការងារសង្គម និងជីវភាពប្រជាពលរដ្ឋ តាំងពីនៅក្នុងផ្ទៃម្តាយរហូតដល់ចាស់ជរា រួមមាន៖ វិស័យសុខាភិបាល វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យកិច្ចការនារី។
ចំណែកមុខងារស្នូលទាំង៣ របស់រដ្ឋសភាវិញមាន៖ មុខងារនីតិកម្ម មុខងារតាមដានត្រួតពិនិត្យការអនុវត្តច្បាប់ និងមុខងារតំណាងរបស់ប្រជាពលរដ្ឋ។ បន្ថែមលើនេះទៀតរដ្ឋសភាក៏ដើរតួយ៉ាងសកម្មក្នុងវិស័យការទូតសភាផងដែរ។
ក្នុងនាមជាប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រីដែរនោះ លោកជំទាវ ឡោក ខេង ក៏បានមានប្រសាសន៍ថា ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី បានបង្កើតឡើងដើម្បីគាំទ្រស្ត្រី លើកកម្ពស់សមភាពយេនឌ័រ ផ្តល់ភាពអង់អាច និងឱកាសដល់ស្ត្រីក្នុងការកាន់តំណែងដឹកនាំ ក្រោមគោលការណ៍ “មិនទុកនរណាម្នាក់ឱ្យនៅឯកា”។
លោកជំទាវក៏បានចែករំលែកមេរៀនជីវិត ៤ចំណុច សម្រាប់យុវជននាឱកាសនេះផងដែរ គឺ៖
ទី១៖ ត្រូវបន្តខិតខំសិក្សារៀនសូត្រជាប្រចាំ ដើម្បីដើរឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យា និងសកលលោក។
ទី២៖ ត្រូវរក្សាគុណធម៌ សីលធម៌ វិន័យ ស្មារតីទទួលខុសត្រូវ ភាពស្មោះត្រង់ ភាពច្នៃប្រឌិត និងហ៊ានផ្លាស់ប្តូរក្នុងសម័យឌីជីថល។
ទី៣៖ ត្រូវយកចំណេះដឹង និងសមត្ថភាពទៅបម្រើសង្គម និងជាតិមាតុភូមិ ដោយស្មារតីស្នេហាជាតិខ្ពស់។
ទី៤៖ យុវជនត្រូវមានសុខភាពល្អ និងប្រាជ្ញាឈ្លាសវៃ ដើម្បីក្លាយជាពលរដ្ឋគំរូ និងរួមចំណែកកសាងអនាគតប្រទេសជាតិ។
ទន្ទឹមនឹងនេះ លោកជំទាវ ឡោក ខេង ក៏បានក្រើនរំលឹកដល់និស្សិត ក៏ដូចជាយុវជន ត្រូវខិតខំរៀនសូត្រ លះបង់ការសប្បាយភ្លើតភ្លើន ការសេពគ្រឿងស្រវឹង និងគ្រឿងញៀន ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំរបស់ប្រទេសជាតិ។ លោកជំទាវបានអំពាវនាវឱ្យបញ្ឈប់ការសេពភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិផ្អែមខ្ពស់ ហើយងាកមកកាត់បន្ថយការបរិភោគ ខ្លាញ់ អំបិល និងស្ករ ដើម្បីថែរក្សាសុខភាពធ្វើជាបង្គោលទ្រទ្រង់គ្រួសារ។
ជាទីបញ្ចប់ លោកជំទាវប្រធាន ក៏បានផ្តល់កិត្តិយសចុះហត្ថលេខាលើសៀវភៅអនុស្សាវរីយ៍ និងប្រគល់សៀវភៅលទ្ធផលការងាររបស់គណៈកម្មការទី៨ (ឆ្នាំទី១-២) សៀវភៅសមាគមសមាជិកសភាដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ (CAPPD) រយៈពេល ២៥ឆ្នាំ និងសៀវភៅក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី (២០១៥-២០២៥) ជូនដល់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ផងដែរ៕


















