ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)  និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB), ឯកឧត្តម ចាន់ សីហា អគ្គនាយករង និងសហការី បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី “ការលើកកម្ពស់ហិរញ្ញប្បទានបៃតងប្រកបដោយចីរភាពនៅកម្ពុជា” រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាល និងសមាជិករបស់ CMA, តំណាងធនាគារជាតិនៃកម្ពុជា, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ បន្ថែមពីនោះ, តំណាង ARDB ក៏បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើម និងការអនុវត្តហិរញ្ញប្បទានបៃតង ព្រមទាំងកាលានុវត្តភាពនៃការទទួលបានហិរញ្ញប្បទានគាំទ្រដល់សមាជិក CMA ជាពិសេសក្រោមក្របខ័ណ្ឌនៃកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF)។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងផ្តល់នូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការភាពជាដៃគូ រវាងធនាគារ ARDB និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ (CMA) ក្នុងការចូលរួមលើកកម្ពស់ហិរញ្ញប្បទានបៃតងប្រកបដោយចីរភាព និងសេវាកម្មហិរញ្ញវត្ថុក្នុង វិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុ,  វិស័យកសិកម្ម, និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)  ព្រមទាំងចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា។

ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ ធនាគារ ARDB និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នឹងសហការគ្នាលើគំនិតផ្តួចផ្តើមសំខាន់ រួមមាន៖ (ក) ការលើកកម្ពស់ហិរញ្ញប្បទានបៃតង និងសេវាហិរញ្ញវត្ថុពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុ, (ខ) ការសម្របសម្រួលលទ្ធភាពទទួលបានហិរញ្ញប្បទានបៃតង ដែលមានលក្ខខណ្ឌអនុគ្រោះសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកនៃ CMA, (គ) ការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលរួមគ្នា ដើម្បីពង្រឹងការយល់ដឹងរបស់គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកនៃ CMA អំពីស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG), ការគ្រប់គ្រងហានិភ័យអាកាសធាតុ និងកាលានុវត្តក្នុងការអនុវត្តហិរញ្ញវត្ថុបៃតង, (ឃ) ការគាំទ្រដល់សហគ្រាស MSMEs ក្នុងការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃ និង (ង) ការលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធពាក់ព័ន្ធនឹងហិរញ្ញវត្ថុបៃតង និងការប្រែប្រួលអាកាសធាតុ។