កំពង់ស្ពឺ៖ គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីការអភិវឌ្ឍវិស័យកសិកម្មបែបទំនើបរបស់ ក្រុមហ៊ុន ឃី ចិន្តា ឌីវេឡប់ម៉ិន ឯ.ក (Khee Chenda Development Co., Ltd) ដែលមានទីតាំងស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ដំណើរទស្សនកិច្ចនេះ ក៏មានការចូលរួមពី ឯកឧត្តម ណៅ ធួក តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាសមាជិកគណៈកម្មការទី៦ នៃរដ្ឋសភា លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តម តាំង សុខឃី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឃី ចិន្តា ឌីវេឡប់ម៉ិន ឯ.ក បានធ្វើបទបង្ហាញអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗរបស់ក្រុមហ៊ុន ដែលបានអភិវឌ្ឍកសិដ្ឋានកសិកម្មចម្រុះលើផ្ទៃដីសរុប ៦៨ ហិកតា ដោយអនុវត្តតាមគោលការណ៍កសិកម្មទំនើប ឆ្លាតវៃ និងប្រកបដោយនិរន្តរភាព។
បច្ចុប្បន្ន ក្រុមហ៊ុនបានដាំដុះដំណាំហូបផ្លែ និងបន្លែសុវត្ថិភាពជាច្រើនប្រភេទ រួមមាន៖
– ដំណាំហូបផ្លែ៖ ចេក ស្វាយ ក្រូចថ្លុង ក្រូចពោធិ៍សាត់ ក្រូចឆ្មា ដូង ល្ហុង មៀន ពោត ល្ពៅ និងដំឡូង។
– បន្លែសុវត្ថិភាព៖ ត្រឡាច ននោង ពពាយ ត្រកួន ម្រះ សណ្ដែកគួ ឃ្លោក ស្ពៃគ្រប់មុខ ស្លឹកខ្ទឹម ជី និងម្ទេស។
– វារីវប្បកម្ម និងការចិញ្ចឹមសត្វ៖ ត្រី បង្កង មាន់ ទា ក្ងាន អណ្តើក និងកណ្តូប ដើម្បីបង្កើនភាពចម្រុះនៃផលិតកម្ម និងលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច។
ក្រោយពីបានចុះពិនិត្យដោយផ្ទាល់នូវខ្សែច្រវាក់ផលិតកម្ម និងការអនុវត្តបច្ចេកទេសកសិកម្មរួចមក ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានវាយតម្លៃខ្ពស់ចំពោះការបោះទុនវិនិយោគរបស់ក្រុមហ៊ុន។ ឯកឧត្តមបានគូសបញ្ជាក់ថា គំរូអភិវឌ្ឍន៍នេះមិនត្រឹមតែរួមចំណែកបង្កើនផលិតភាព និងគុណភាពកសិផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតការងារ លើកកម្ពស់ជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់។
ទន្ទឹមនឹងនេះ ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា ក៏បានកោតសរសើរចំពោះស្មារតីចែករំលែកចំណេះដឹង និងបទពិសោធន៍បច្ចេកទេសរបស់ក្រុមហ៊ុនជូនដល់ប្រជាកសិករក្នុងសហគមន៍ ដែលនេះជាគំរូជោគជ័យមួយក្នុងការជំរុញវិស័យកសិកម្មកម្ពុជាឱ្យកាន់តែមានសក្តានុពល និងសមត្ថភាពប្រកួតប្រជែងខ្ពស់។
ជាចុងក្រោយ ឯកឧត្តមសន្តិបណ្ឌិត បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រីកការវិនិយោគបន្ថែមលើការកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កើតតម្លៃបន្ថែម (Value-added) ដល់កសិផលក្នុងស្រុក កាត់បន្ថយការនាំចូល ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងរួម ចំណែកយ៉ាងសំខាន់ក្នុងការជំរុញ ការនាំចេញ ក៏ដូចជាពង្រឹងសន្តិសុខស្បៀងជាតិផងដែរ៕


















