តាកែវ៖ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោក អ៊ាក ផល្លា ប្រធាន សាលា ដំបូងខេត្ត ព្រមទាំង លោកព្រះរាជអាជ្ញារង លោក លោកស្រី អនុប្រធានសាលាដំបូង លោកចៅក្រម លោក ប្រធាន អនុប្រធានលេខាធិការដ្ឋានសាលាដំបូង និងមន្ត្រីសាលាដំបូង និងអយ្យការអម សាលាដំបូង ទាំងអស់ បាននាំយកនូវទានព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគមួយ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្តភ្នំខ្លែង ដែលស្ថិតឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ។
លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក៏បានលើកឡើងថា រដូវ នេះជារដូវចូលវស្សា ពុទ្ធបរិស័ទទូទាំងប្រទេស បាននាំគ្នាយកទៀនវស្សា និងទេយ្យវត្ថុ បច្ច័យ យកទៅប្រគេន ព្រះសង្ឃ នៅតាមទីវត្ត អារាមគ្រប់ទីកន្លែង នៃប្រទេសកម្ពុជា ហើយក្នុងការចូលវស្សានេះ មានរយៈពេលតែ៣ខែ ព្រះសង្ឃគ្រប់វត្ត អារាមទូទាំងប្រទេស មិនអាចនិមន្តចេញទៅបិណ្ឌបាត នៅទីណាបានឡើយ ហើយក្នុងចូល វស្សានោះពុទ្ធបរិស័ទ តែងតែ នាំយកទានវស្សាទេយ្យវត្ថុ និងចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសល ដល់ដួងវិញ្ញាណក្ខ័ន្ធ អ្នក ដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ។
លោកក៏បានបញ្ជាក់ថា ទៀនវស្សា និងទេយ្យវត្ថុយកទៅប្រគេនព្រះសង្ឃនេះ គឺដើម្បីលើកស្ទួយប្រជាពលរដ្ឋ ឲ្យកាន់តែយល់ដឹងអំពីវិស័យព្រះពុទ្ធសាសនា ប្រសើរឡើងក្នុងការធ្វើបុណ្យទាន និងចូលរួមចំណែក ការកសាង សមិទ្ធផលផ្នែកវិស័យព្រះពុទ្ធសាសនា និងផ្នែកអាណាចក្រឲ្យបានរីកចម្រើនរុងរឿងផងដែរ៕