ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបនិងកសិកម្ម(ARDB) នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB បានអញ្ជើញដឹកនាំសហការីធនាគារចំនួន ១០០នាក់ចូលរួមក្នុងកម្មវិធីសំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច មធ្យមនិងសិប្បកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ ។
ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាវបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងម្ចាស់សិប្បកម្ម ក្រុមហ៊ុនចូលរួមយ៉ាងច្រើនកុះករ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកទឹកចិត្តដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ត្រូវចេះរៀបចំផែនការក៏ដូចជាដាក់ទិសដៅពង្រឹងអាជីវកម្មរបស់ខ្លួនឱ្យស្របទៅតាមការអភិវឌ្ឍរបស់សង្គមជាតិ។ លើសពីនេះសម្តេចធិបតី ហ៊ុន ម៉ាណែត មានក្តីសង្ឃឹមថាចលនា និងចរន្តនៃការរីកចម្រើន និងការគាំទ្រផលិតផលក្នុងស្រុកដែលមាននៅក្នុងឆ្នាំ២០២៥ ពេលមានជម្លោះព្រំដែននឹងនៅតែមានការបន្តយូរអង្វែងថែមទៀត។
សម្រាប់ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាបញ្ជាក់ថា នេះជាលើកទី៥ហើយដែលសមាគមមូលនិធិសម្តេចតេជោបានរៀបចំពិធីសំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា។
ព្រឹត្តិការណ៍នេះគឺជាការលើកទឹកចិត្ត និងការផ្តល់ឱកាសដល់សហគ្រាសធុនមីក្រូ តូចនិងមធ្យមនៅទូទាំងប្រទេស បានចូលរួមបង្ហាញនឹងទទួលបានដំបូន្មានល្អៗពីសម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត ដើម្បីជាចំណេះដឹងបន្ថែមទាំងអស់ដែលបានចូលរួមនៅក្នុងការបង្កើតការងារ ជំរុញការកែច្នៃ ពង្រឹងនិងពង្រីកទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិដែលមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាស្ថាប័នអាណាព្យាបាល ជាអ្នកគាំទ្រ និងសម្របសម្រួល។







