ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលយុត្តិធម៌ របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូននគរបាល ៣នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធ ករណី រត់ការ និងអន្ដរាគមន៍ឲ្យមានការដោះលែងជនជាតិចិនចំនួន ១៨នាក់ ជាក្រុមចាប់ជំរិតតាម Online ដែលកម្លាំងនគរបាលខេត្តកំពង់ស្ពឺចាប់ខ្លួនបាន នៅក្នុងឃ្លាំងមួយកន្លែងក្នុងចំការស្វាយរបស់លោកមេធាវី ហេ ជីវអេង នៅក្នុងខេត្តកំពង់ស្ពឺ។
កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រគល់ មន្ត្រីនគរបាល ៣នាក់ ខាងលើ ទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាត់ការ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធដទៃផ្សេងទៀត។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគរបាល នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានបញ្ជូនមន្ដ្រីនគរបាល ៣នាក់ មានម្នាក់មានឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ទោ និងវរសេនីយ៍ត្រី បម្រើការងារនៅក្នុងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងម្នាក់ទៀតជាមន្ត្រីនគរបាល បម្រើការងារនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ទៅសាលាដំបូងរាជធានីភ្នំពេញ។
គួររម្លឹកថា កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក ខៃ សម្ជស្ស ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានឃាត់ខ្លួន ជនជាតិចិនចំនួន ១៨នាក់ (ចិនតៃវ៉ាន់ ១២នាក់) នៅទីតាំងឃ្លាំងមួយកន្លែង ដែលគេដឹងថា ជាកម្មសិទ្ធិរបស់លោកមេធាវី ហេ ជីវអេង នៅក្នុងដីចំការស្វាយ ស្ថិតនៅក្នុងភូមិចា ឃុំស្វាយចចឹប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធបទល្មើសជំរិតទារប្រាក់តាម Online។
ទីតាំងដែលជនជាតិចិនយកធ្វើជាមូលដ្ឋានប្រព្រឹត្តបទល្មើសចាប់ជំរិតនោះ ត្រូវម្ចាស់ឈ្មោះ ហេ ជីវ អេង មុខរបរជាមេធាវី បានជួលទៅឲ្យឈ្មោះ រ័ត្ន ពិន្ទ ដែលជាតំណាងឈរឈ្មោះអោយបុគ្គលម្នាក់ទៀតមិនស្គាល់ឈ្មោះ ក្នុងតម្លៃ ២២០០០ដុល្លារក្នុងមួយខែ។
ក្រោយពីឃាត់ខ្លួនយកទៅសាកសួរ នគរបាលជំនាញខេត្តកំពង់ស្ពឺ បានសម្រេចបញ្ជូនខ្លួនក្រុមជនសង្ស័យទាំង ១៨នាក់ និងវត្ថុតាងពាក់ព័ន្ធបទល្មើសឆបោកជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាVOIP ទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដេីម្បីដំណេីរការចាត់ការតាមនីតិវិធីបន្ដជាមួយភាគីនគរបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
ដោយឡែកចំពោះ អ្នកពាក់ព័ន្ធនឹងករណីផ្ដល់ទីតាំងឲ្យជនជាតិចិនប្រព្រឹត្ដបទល្មេីសជំរិតទារប្រាក់នៅចំណុចខាងលេីនេះ បច្ចុប្បន្ននគរបាលជំនាញខេត្តបានស្នេីសុំកិច្ចសហការ និងការចង្អុលបង្ហាញ ដើម្បីស្រាវជ្រាវឈានដល់ការចាប់ខ្លួនពួកគេមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន៕