ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់យុវជនគណបក្សប្រជាជនកម្ពុជាត្រូវផ្លាស់ប្ដូរផ្នត់គំនិតឆ្ពោះទៅផ្នត់គំនិតប្រតិសកម្មនិងបុរេសកម្មជាងមុនក្នុងការប្រកបការងារប្រចាំថ្ងៃដោយអភិវឌ្ឍន៍សមត្ថភាពជាប្រចាំឱ្យក្លាយខ្លួនជាសហគ្រិន

ខេត្តកណ្តាល÷ ឯកឧត្តមបណ្ឌិតកៅ ថាច បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបោះឆ្នោតជ្រើសរើសរចនាសម្ព័ន្ធថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំកោះចូរ៉ាមរបស់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នារសៀលថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានថ្លែងចូលរួមអបអរសាទរដល់យុវជនបក្សឃុំកោះចូរ៉ាម ដែលជាប់ឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសរចនាសម្ព័ន្ធដឹកនាំយុវជន ត្រូវបន្តសកម្មភាពជួយការងារឃុំបន្ថែមទៀត ត្រូវប្រែក្លាយឃុំកោះចូរ៉ាម ឱ្យទៅជាទីកន្លែងដែលមានបរិស្ថានស្អាត និងរីកចម្រើន។
ឯកឧត្តមបណ្ឌិត បានណែនាំ ដល់ថ្នាក់ដឹកនាំយុវជនឃុំកោះចូរ៉ាមដែលបានជាប់ការបោះឆ្នោត ត្រូវបន្តសកម្មភាពជួយការងារឃុំបន្ថែមទៀត ព្រោះការបោះឆ្នោតមានសារៈសំខាន់ណាស់ ជាដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យក្នុងបក្សរបស់យើង ហើយក៏ជាលើកទី១ផងដែរ នៅក្នុងកោះចូរ៉ាមយើងនេះ។
កម្មវិធីបោះឆ្នោតឃុំកោះចូរ៉ាមនេះ ក៏មានការអញ្ជើញចូលរួមពីលោក ទៀង សុខភិរម្យ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតំណាង ឯកឧត្តម ហ៊ុល ប៊ុណ្ណារ័ត្ន អនុប្រធានគណបក្សចុះមូលដ្ឋានឃុំកោះចូរ៉ាម និងជាប្រធានក្រុមការងារគណៈបក្សចុះមូលដ្ឋានឃុំកោះចូរ៉ាម គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មការបោះឆ្នោតស្រុក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សឃុំ ប្រធានសាខាគណបក្សភូមិ បេក្ខជនឈរឈ្មោះ និងសមាជិកយុវជនគណបក្សឃុំ ដែលជាអង្គបោះឆ្នោតសរុបប្រមាណ ១៧៥នាក់។
បន្ទាប់ពីការបោះឆ្នោត និងប្រកាសលទ្ធផល ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើរ ដល់យុវជនដែលទើបជាប់ឆ្នោតថា ដំណើរការបោះឆ្នោតនាពេលនេះ គឺជាការផ្តល់ឱកាសឱ្យយុវជន ចូលរួមជាមួយថ្នាក់ដឹកនាំ ក្នុងអង្គការចាត់តាំង ព្រោះអ្នកឈឈ្មោះឱ្យគេបោះឆ្នោត សុទ្ធតែមានសមត្ថភាព សុទ្ធតែមានបរិញ្ញបត្រ ដែលនេះជាចំនុចល្អ អាចធ្វើជាគំរូគេ និងដឹកនាំក្នុងឃុំឱ្យកាន់តែកាន់តែរីកចម្រើន។ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើរដល់យុវជនមិនបានជាប់ឆ្នោតសូមកុំអាក់អន់ស្រពន់ចិត្ត ព្រោះនៅមានឱកាសក្រោយទៀត ហើយបើសិនក្នុងករណីបេក្ខជនជាប់ឆ្នោត បំពេញការងារមិនបាន អ្នកមិនជាប់នេះហើយ ជាអ្នកបំរុងចូលទៅបំពេញតួនាទីជំនួសវិញ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្តថា ការរៀបចំការបោះឆ្នោតនេះឡើង ក៏ជៀសផុតពីការរិះគន់ប្រកាន់បក្សពួកផងដែរ ដែលកន្លងមកមានការលើកឡើងថា អ្នកនេះបានធ្វើជាអ្នកដឹកនាំ តាមការតែងតាំងមកពីខ្សែអ្នកនេះ ខ្សែអ្នកនោះ ដែលនេះមិនល្អទេ ដូចនេះ ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនកោះចូរ៉ាមនាពេលនេះ បង្ហាញថា យើងអត់មានបក្សពួកណាចាត់តាំងទេ គឺជាការអនុញ្ញាតឱ្យសមាជិកយុវជនយើងទាំងអស់ មានសិទ្ធិសម្រេចចិត្តរបស់ខ្លួនផ្ទាល់ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួននៅក្នុងមូលដ្ឋាន ដែលមានសមត្ថភាព មានចំណេះដឹង ដើម្បីដឹកនាំយុវជនយើង ឱ្យសម្រេចបាននូវការរីកចម្រើន បម្រើសហគមន៍ក្នុងឃុំឱ្យកាន់តែរីកចម្រើន។
ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តដល់យុវជនគណបក្សប្រជាជន ក្នុងឃុំកោះចូរ៉ាម ត្រូវពង្រីកខ្លួនទៅជាសហគ្រិន និងមានចំណេះដឹងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ត្រូវខិតខំរៀនសូត្រ បង្កើតគំនិតអាជីវកម្ម រៀនពីការធ្វើកសិកម្ម ដូចជា៖ ការចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងដាំបន្លែជាដើម ព្រោះថាទាំងអស់នេះ ដើម្បីក្រពះ បើយើងអត់មានអ្វីចិញ្ចឹមក្រពះ យើងមិនអាចជួយសហគមក្នុងឃុំរបស់យើងបាននោះទេ។
ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍សំខាន់ ៣ដល់យុវជនឃុំកោះចូរ៉ាម៖ ទី១-យុវជនត្រូវរៀន ទី២- រៀនហើយត្រូវចេះរកស៊ី ចេះរកប្រាក់ចំណូលតាមជំនាញ ដើម្បីអាចទ្រទ្រង់ជីវភាពគ្រួសារឱ្យបានល្អប្រសើរ និង ទី៣- បន្ទាប់ពីមានជីវភាពធូរធារហើយ យើងអាចបម្រើសហគមន៍កាន់តែរីកចម្រើនជាងមុន និងតទៅថ្ងៃខាងមុខទៀតបាន។
សម្រាប់ការបោះឆ្នោតក្នុងឃុំកោះចូរ៉ាមនេះ មានបេក្ខជនឈរឈ្មោះចំនួន ១០រូប ដែលភាគច្រើនមានកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ ប៉ុន្តែជ្រើសរើសយកតែ៥រូបប៉ុណ្ណោះ ដើម្បីធ្វើជាថ្នាក់ដឹកនាំយុវជនឃុំ តាមរយៈសន្លឹកឆ្នោតសរុប ១៧៥ នៅក្នុងហិប និងមានសន្លឹកឆ្នោតមិនបានការចំនួន ៤ សន្លឹក៕