ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ជិន ជ័យាបុត្រ ៖ជំហានថ្មីនៃ«គិរីកាហ្វេ»កិច្ចពិភាក្សាអំពីឱកាសនាំយកកាហ្វេកម្ពុជាឆ្ពោះទៅកាន់ទីផ្សារសហរដ្ឋអាមេរិក

ពីទីក្រុងញូវយ៉ក (New York) នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំ Fancy Food Show នាព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ នេះ លោក ជិន ជ័យាបុត្រ អគ្គនាយក នៃក្រុមហ៊ុន គិរី ហាយឡែន ហេរីថេក ត្រេឌីង (Kiri Highland Heritage Trading Co., Ltd. / ម្ចាស់ម៉ាកសញ្ញា «គិរីកាហ្វេ» – Kiri Coffee) បានជួបពិភាក្សាការងារ ជាមួយលោក Vannara Om ប្រធានប្រតិបត្តិ (CEO) នៃក្រុមហ៊ុន American Angkor Enterprise (AAE) និងសហាការី។

ជំនួបពិភាក្សាគ្នានៅលើទឹកដីអាមេរិកនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់អំពីកាលានុវត្តភាពអាជីវកម្ម និងរៀបចំយុទ្ធសាស្ត្រក្នុងការនាំចេញផលិតផលកាហ្វេខ្មែរ ចូលមកកាន់ទីផ្សារសហរដ្ឋអាមេរិក។

ក្នុងឱកាសនោះ ក្រុមហ៊ុនទាំងពីរបានពិភាក្សា អំពីបទដ្ឋានគតិយុត្តិ ស្តង់ដារគុណភាព និងលក្ខខណ្ឌតម្រូវនានា ដើម្បីនាំយកគ្រាប់កាហ្វេរ៉ូប៊ូស្តា ១០០% (100% Robusta) គុណភាពខ្ពស់ ដែលដាំដុះ និងកែច្នៃដោយផ្ទាល់ពីទឹកដីខេត្តមណ្ឌលគិរី ទៅកាន់ការចែកចាយនៅលើទីផ្សារ សហរដ្ឋអាមេរិក។

លោក ជិន ជ័យាបុត្រ បានគូសបញ្ជាក់ដោយក្តីសោមនស្សថា៖
«ការបានមកបង្ហាញខ្លួននៅក្នុងកម្មវិធីលំដាប់អន្តរជាតិ Fancy Food Show នាក្រុងញូវយ៉កនេះ គឺជាឱកាសដ៏វិសេសវិសាល។ ហើយនេះជាជំហានដំបូងដ៏មានសារៈសំខាន់ ក្នុងការបើកផ្លូវឱ្យកាហ្វេខ្មែរ ដែលមានអត្តសញ្ញាណច្បាស់លាស់ “ដាំដោយខ្មែរ កែច្នៃដោយខ្មែរ និងរសជាតិខ្មែរពិតៗ” មានឱកាសបង្ហាញខ្លួននៅលើទីផ្សារសហរដ្ឋអាមេរិក។ កិច្ចសហការជាមួយដៃគូដែលមានបទពិសោធន៍ខ្ពស់ដូចជា American Angkor Enterprise នឹងជួយជម្រុញឱ្យសង្វាក់ផលិតកម្មកាហ្វេខ្មែរកាន់តែមានស្តង់ដារ និងរីកចម្រើនប្រកបដោយនិរន្តរភាព។»
ជាលទ្ធផលបឋម ភាគីទាំងពីរបានបង្ហាញពីឆន្ទៈខ្ពស់ក្នុងការបង្កើតភាពជាដៃគូ ដោយឯកភាពបន្តការផ្លាស់ប្តូរព័ត៌មានបច្ចេកទេស គំរូផលិតផល និងរៀបចំឯកសារគតិយុត្តិ ដើម្បីធានាឱ្យបាននូវការនាំចូលប្រកបដោយជោគជ័យ និងភាពរលូននាពេលខាងមុខ។

សូមចូលរួមគាំទ្រ កាហ្វេខ្មែរនៅលើឆាកអន្តរជាតិទាំងអស់គ្នា! ចក្ខុវិស័យរបស់យើង គឺការនាំយកកាហ្វេ និងរសជាតិពិតៗនៃកាហ្វេមណ្ឌលគិរី ទៅកាន់ពិភពលោក។