ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា សិក្សាប្រព័ន្ធឃ្លាំងស្តុកទំនើប និងភស្តុភារនៅសហរដ្ឋអាមេរិក ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងអង្ករកម្ពុជា

ភ្នំពេញ៖ក្នុងគោលបំណងពង្រឹងសមត្ថភាពប្រកួតប្រជែង និងពង្រីកទីផ្សារអង្ករកម្ពុជានៅលើឆាកអន្តរជាតិ នារសៀលថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២៦ គណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយ ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយ ឯកឧត្តម គឹម ឆាលហួត កុងស៊ុលកិត្តិយសព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ឯកឧត្តម បានលឹម អគ្គនាយករង ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម បានដឹកនាំគណៈប្រតិភូអញ្ជើញធ្វើទស្សនកិច្ចសិក្សានៅឃ្លាំងស្តុកទំនើបមួយក្នុងសហរដ្ឋអាមេរិក។

ដំណើរទស្សនកិច្ចនេះបានផ្តោតលើការសិក្សាអំពីប្រព័ន្ធស្តុកទុកគ្រាប់ធញ្ញជាតិ ការគ្រប់គ្រងសារពើភ័ណ្ឌ ការត្រួតពិនិត្យ និងធានាគុណភាព ស្តង់ដារសុវត្ថិភាពចំណីអាហារ បច្ចេកវិទ្យាវេចខ្ចប់ និងប្រព័ន្ធដឹកជញ្ជូនភស្តុភារ ដែលជាកត្តាសំខាន់ក្នុងការរក្សាគុណភាពផលិតផល និងបង្កើនប្រសិទ្ធភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់អង្ករ។

ក្នុងឱកាសនោះ គណៈប្រតិភូក៏បានអញ្ជើញទស្សនាក្រុមហ៊ុន H & T Seafood Inc. នៅទីក្រុង Bell រដ្ឋ California ដែលជាក្រុមហ៊ុនចែកចាយលក់ដុំអាហារសមុទ្រ និងគ្រឿងឧបភោគបរិភោគដ៏ធំមួយនៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣ និងមានភាពល្បីល្បាញក្នុងការផ្គត់ផ្គង់ផលិតផលអាហារស្រស់ និងក្លាសេ រួមទាំងផលិតផលនាំចូលពីបណ្តាប្រទេសអាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍។ ជាមួយនឹងប្រព័ន្ធត្រួតពិនិត្យគុណភាព និងសុវត្ថិភាពចំណីអាហារដ៏តឹងរ៉ឹង ក្រុមហ៊ុនបានក្លាយជាដៃគូដ៏សំខាន់សម្រាប់បណ្តាហាងលក់រាយ និងអ្នកចែកចាយជាច្រើននៅសហរដ្ឋអាមេរិក។

តាមរយៈដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជាទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗអំពីការគ្រប់គ្រងឃ្លាំង ការរក្សាគុណភាពផលិតផល និងការគ្រប់គ្រងភស្តុភារ ដែលអាចយកមកអនុវត្តក្នុងវិស័យស្រូវអង្ករកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ និងឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារអន្តរជាតិ។

ដំណើរទស្សនកិច្ចនេះក៏បានរួមចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម និងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់ការនាំចេញអង្ករកម្ពុជាគុណភាពខ្ពស់ទៅកាន់ទីផ្សារអាមេរិក និងទីផ្សារពិភពលោក។

សហព័ន្ធស្រូវអង្ករកម្ពុជា បន្តប្តេជ្ញាលើកកម្ពស់គុណភាព ស្តង់ដារ និងម៉ាកយីហោអង្ករកម្ពុជា តាមរយៈការសិក្សាបទពិសោធន៍អន្តរជាតិ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូពាណិជ្ជកម្ម និងការបង្កើតឱកាសទីផ្សារថ្មីៗ ដើម្បីនាំយកអង្ករកម្ពុជាដែលមានគុណភាពខ្ពស់ទៅកាន់អ្នកប្រើប្រាស់ជុំវិញពិភពលោក។