(រាជធានីភ្នំពេញ)៖ លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា តំណាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា នារសៀលថ្ងៃអង្គារទី៧ ខែកក្កដាឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍ប្រកបដោយប្រសិទ្ធភាព និងការពង្រឹងនិរន្តរភាពរបស់ស្ថាប័ន» ព្រមទាំងបានប្រគល់វិញ្ញាបនបត្របញ្ជាក់ការបញ្ចប់វគ្គបណ្តុះបណ្តាលជូនដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។
ក្នុងឱកាសនោះ លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គម្រោង EU-German GATE របស់ភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ Cambodia) ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្មដល់ការរៀបចំវគ្គបណ្តុះបណ្តាលនេះឱ្យប្រព្រឹត្តទៅដោយជោគជ័យ។
លោកជំទាវ ឧកញ៉ា ក៏បានបង្ហាញនូវជំនឿជាក់ថា គម្រោង EU-German GATE នឹងបន្តគាំទ្រដល់សភាពាណិជ្ជកម្មកម្ពុជា និងបណ្តាញសភាពាណិជ្ជកម្មរាជធានី-ខេត្ត ក្នុងការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជននៅកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។
ជាមួយគ្នានេះ លោកជំទាវ ឧកញ៉ា ក៏បានថ្លែងអំណរគុណដល់ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) និងក្រុមការងាររបស់សភាពាណិជ្ជកម្មកម្ពុជាទាំងអស់ ដែលបានសហការរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យ។ ទន្ទឹមនឹងនេះ លោកជំទាវ ឧកញ៉ា ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះសិក្ខាកាមទាំងអស់ ដែលអញ្ជើញមកពីបណ្តាសភាពាណិជ្ជកម្មរាជធានី-ខេត្ត ស្ថិតក្រោមគម្រោង EU-German GATE ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ ដោយបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។
លោកជំទាវ ឧកញ៉ា បានជឿជាក់ថា វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ នឹងផ្តល់នូវចំណេះដឹងថ្មីៗ បទពិសោធន៍ជាក់ស្តែង និងគន្លឹះសំខាន់ៗដល់អ្នកចូលរួមទាំងអស់ ដែលអាចយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពនៅក្នុងស្ថាប័នរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពនៃការរៀបចំកម្មវិធី និងព្រឹត្តិការណ៍ ព្រមទាំងពង្រឹងសមត្ថភាព និងនិរន្តរភាពរបស់ស្ថាប័នឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់។





















