ភ្នំពេញ៖ លោក សៀវ វិសុទ្ធ ម្ចាស់កសិដ្ឋានខ្មែររីករាយ បានពន្យល់ថា ចិញ្ចឹមទាយកពង ខ្មែររីករាយ ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានរំលឹកប្រាប់ដល់កសិករពីវិធានការសំខាន់ៗ ដើម្បីការពារកុំឲ្យសត្វងាប់នៅរដូវស្សាឆ្នាំនេះ ជាពិសេស ការរៀបចំវ៉ាក់សាំងការពារជំងឺផ្តាសសាយបក្សី វ៉ាក់សាំងអាសន្នរោគ និងវ៉ាក់សាំងជំងឺប៉េស ដែលជាប្រភពជំងឺឆ្លងផងដែរ។
លោក សៀវ វិសុទ្ធ បានពន្យល់ថា នៅឆ្នាំ២០២៦នេះ លោកមានវិធានការការពារមុនកុំឲ្យសត្វងាប់ និងឈឺ ដែលកសិករមិនត្រូវពឹងលើមន្រ្តីបសុពេទ្យទាំងស្រុងនោះទេ ត្រូវមានផ្នែកការសង្រ្គោះបឋមខ្លះ ហើយតាមដានសត្វចិញ្ចឹមឲ្យទៀងទាត់ជាប្រចាំ ទើបមិនមានហានិភ័យកើតឡើងចំពោះសត្វចិញ្ចឹម ជាពិសេសសត្វទាតែម្តង។
លោកបានពន្យល់ថា តាមបទពិសោធន៍លោកបានដានសុខភាពសត្វ និងផ្តោតលើការប្រើប្រាស់វ៉ាក់សាំងឲ្យបានត្រឹមត្រូវលើសត្វទា គឺជាការងារសំខាន់បំផុត។ ជាក់ស្តែងកសិដ្ឋានលោកស្ទីរតែគ្មានទាងាប់ ដោយសារតែមានពេទ្យសត្វប្រចាំការថែទាំសត្វទាជានិច្ច ដូចជាការប្រើប្រាស់ចំណី និងការដាក់ចំណីឲ្យមានត្រឹមត្រូវ និងមានអនាម័យល្អផងដែរ។
ម្ចាស់កសិដ្ឋានខាងលើបានបញ្ជាក់ដែរថា ដំបូងឡើយលោកគ្រាន់តែជាអាជីវករលក់ពងទារាជធានីភ្នំពេញតែប៉ុណ្ណោះ ប៉ុន្តែដោយមើលឃើញថា កសិករចិញ្ចឹមទាយកពងពីមួយឆ្នាំទៅមួយឆ្នាំតែងតែជួបបញ្ហាប្រឈមរឿងតម្លៃ និងខ្វះខាតក្នុងការផ្គត់ផ្គង់មកកាន់ទីផ្សារ ទើបលោកសម្រេចចិត្តសាកល្បងបើកដំណើរកសិដ្ឋានចិញ្ចឹមទាយកពងចំនួនពីរទីតាំងនេះឡើង។
បន្ថែមពីនេះ លោក សៀវ វិសុទ្ធ បានលើកឡើងថា បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមទាយកពងរបស់លោកកំពុងមានទីផ្សារខ្ពស់ ខណៈពងទាកំពុងមានតម្រូវការកើនឡើងជារៀងរាល់ថ្ងៃ ហើយការរីកចម្រើនលើការចិញ្ចឹមសត្វនេះ គឺមិនភ្លេចទេពីការជួយជ្រោមជ្រែងដ៏សំខាន់បំផុត ពីធនាគារ ARDBជួយដល់កសិករឲ្យមានការរីកចម្រើន។
កម្លាំងការប្រើប្រាស់ស៊ុតក្នុងប្រទេសកម្ពុជា បច្ចុប្បន្នក្នុងរង្វង់ចំនួន៩លាន ទៅជាង១០លានគ្រាប់ ក្នុងមួយថ្ងៃ ហើយកម្លាំងផលិតបានចន្លោះពី៦លាន ទៅ៧លានគ្រាប់ក្នុងមួយថ្ងៃ ដែលនៅសល់កង្វះការផ្គត់ផ្គង់ពី២០ ទៅ៣០ភាគរយ ហើយជាក់ស្តែងនៅក្នុងសហគមន៍ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅឆ្នាំ២០២៧ នឹងបង្កើនមេទាប្រមាណ៥០ម៉ឺនក្បាល៕










