ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គុណ ញឹម កម្លាំងគយចល័តបង្ក្រាបឃ្លាំងបារីគេចពន្ធជាប់ព្រំដែនកម្ពុជា-វៀតណាម ដកហូតបាន ៣៦,០០០សុង

ខេត្តស្វាយរៀង៖ កម្លាំងគយចល័តនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបើកប្រតិបត្តិការបង្ក្រាបឃ្លាំងស្តុកបារីគេចពន្ធខុសច្បាប់មួយកន្លែង ស្ថិតនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដោយដកហូតបានបារីគ្មានបិទត្រាពន្ធគយសរុប ៣៦,០០០សុង។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងការណែនាំរបស់លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស ដោយមានលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងគយចល័តចុះអនុវត្តផ្ទាល់។

ប្រតិបត្តិការនេះ បានសហការជាមួយកម្លាំងយោធាការពារព្រំដែនលេខ២៣២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តស្វាយរៀង និងការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិបាវិត។

ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងដឹកនាំផ្ទាល់ដោយលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កម្លាំងចម្រុះបានចុះឆែកឆេរឃ្លាំងស្តុកបារីមួយកន្លែង ស្ថិតនៅភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។

ជាលទ្ធផល សមត្ថកិច្ចបានដកហូតបារីគេចពន្ធចំនួន ៣ប្រភេទ រួមមាន៖

បារីម៉ាក JPS (Taiwan) ចំនួន ៣១២កេស ស្មើនឹង ១៨,៧២០សុង
បារីម៉ាក B&H (UK) ចំនួន ១៨៦កេស ស្មើនឹង ១១,១៦០សុង
បារីម៉ាក Winfield Original Classic (Indonesia) ចំនួន ១០២កេស ស្មើនឹង ៦,១២០សុង

សរុបបារីដែលដកហូតបានមានចំនួន ៦០០កេស ស្មើនឹង ៣៦,០០០សុង ដែលសុទ្ធសឹងជាទំនិញ គ្មានបិទត្រាពន្ធគយ។

បច្ចុប្បន្ន បារីខុសច្បាប់ទាំងអស់ ត្រូវបានដឹកយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅឃ្លាំងរបស់ការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិបាវិត ដើម្បីបន្តនីតិវិធី និងរង់ចាំការសម្រេចពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ប្រតិបត្តិការនេះ សបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការបង្ក្រាបការរត់ពន្ធ និងទប់ស្កាត់ការជួញដូរទំនិញគេចពន្ធ ដើម្បីធានាការអនុវត្តច្បាប់គយប្រកបដោយប្រសិទ្ធភាព និងការពារចំណូលថវិការដ្ឋ។