ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ បញ្ចប់ដំណើរទស្សនកិច្ច អមដំណើរនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ដោយជោគជ័យ

 

ប្រទេសហ្វីលីពីន៖ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយនិង ឧកញ៉ា គឹម សាវុធ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករនៃសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិក សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជាចំនួន ១៨ ក្រុមហ៊ុន ដែលមានសមាសភាពចំនួន ៣០ រូប បានចូលរួមអមដំណើរនៅក្នុងទស្សនកិច្ចផ្លូវការជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

នៅក្នុងដំណើរទស្សនកិច្ចនេះ ក្រោមការរៀបចំ និងសម្របសម្រួលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា និងនាយកដ្ឋានកសិកម្មនៃប្រទេសហ្វីលីពីន ( Department of Agriculture) បានរៀបចំឱ្យមានកិច្ចផ្គូផ្គងពាណិជ្ជកម្មរវាងក្រុមហ៊ុននាំចេញកម្ពុជា និង ក្រុមហ៊ុននាំចូលរបស់ហ្វីលីពីនចំនួន ៣៣ក្រុមហ៊ុន ដែលខាងភាគីប្រទេសហ្វីលីពីន មានការចាប់អារម្មណ៍ និងពេញចិត្តចំពោះគុណភាពអង្ករកម្ពុជា ហើយសន្យានឹងបន្តទិញអង្ករកម្ពុជាឱ្យកាន់តែច្រើនថែមទៀត ដែលក្នុងរយៈកាល ៦ខែដើមឆ្នាំ២០២៦ ក្រុមហ៊ុននាំចូលរបស់ហ្វីលីពីនបាននាំចូលអង្ករកម្ពុជា បានចំនួនជិត ៧ម៉ឺនតោនរួចហើយដែរ។

ថ្នាក់ដឹកនាំ រួមជាមួយសមាជិកនៃប្រតិភូរបស់សហព័ន្ធស្រូវអង្ករកម្ពុជា សូមគោរពថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានជួយជំរុញ និងសម្របសម្រួលលើបញ្ហាបច្ចេកទេស ជាពិសេសផ្នែកលក្ខខណ្ឌតម្រូវកសិកម្មរបស់ហ្វីលីពីនក្នុងការនាំអង្ករទៅកាន់ទីផ្សារមួយនេះ និងបានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជាបានចូលរួមនៅកម្មវិធីដ៏មានសារៈសំខាន់ដែលរៀបចំឡើងនៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ថ្នាក់ដឹកនាំ និង សមាជិកនៃប្រតិភូ របស់សហព័ន្ធស្រូវអង្ករកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមដែលជាថ្នាក់ដឹកនាំ នៃនាយកដ្ឋានកសិកម្មហ្វីលីពីន និង សមាគមន៍អ្នកនាំចូលអង្ករហ្វីលីពីន ដែលបានទទួលស្វាគមន៍ ផ្តល់ភាពស្និទ្ធស្នាល និង ការទទួលរាក់ទាក់ប្រកបដោយមិត្តភាព និងភាពជាដៃគូពាណិជ្ជកម្មយូរអង្វែងសម្រាប់ប្រទេសទាំងពីរ។