កំពង់ត្រឡាច, ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានមានប្រសាសន៍បញ្ជាក់ថា ការខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុ និងធនាគារយកទៅវិនិយោគលើវិស័យកសិកម្មមិនមែនជារឿងខុសនោះទេ ប៉ុន្តែប្រសិនជាកសិករចេះគ្រប់គ្រងហានិភ័យ និងមានផែនការផលិតច្បាស់លាស់នោះ ការធ្វើកសិកម្មនឹងធ្វើឲ្យកសិករយើងកាន់តែមានជីវភាពធូរធារដែលអាចរួចផុតពីអន្ទាក់បំណុល។
ការលើកឡើងដូច្នោះ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដែលមានការចូលរួមពី ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង, លោក សាយ ប៊ុនថេង អភិបាលរងស្រុកកំពង់ត្រឡាច តំណាងលោកអភិបាលស្រុក ព្រមទាំងថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករប្រមាណ ៣០០នាក់។
ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមានបំណងចង់ឃើញប្រជាកសិករមានជីវភាពធូរធារមានប្រាក់ចំណូលកាន់តែប្រសើររួចផុតពីបន្ទាក់បំណុល តាមរយៈការធ្វើកសិកម្មប្រកបដោយប្រសិទ្ធភាព មិនមែនការខ្ចីប្រាក់ដោយគ្មានផែនការនោះឡើយ។
លើសពីនេះ ឯកឧត្តមបណ្ឌិតបានរំលឹកជូនកសិករថា វិស័យកសិកម្មប្រឈមនឹងកត្តាជាច្រើន ជាពិសេសការប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួត ទឹកជំនន់ ជំងឺ និងសត្វល្អិត ដែលអាចបណ្តាលឱ្យខាតបង់ ប្រសិនបើមិនអនុវត្តទៅតាមបច្ចេកទេសត្រឹមត្រូវ។
ឯកឧត្តមបណ្ឌិតប្រតិភូបានមានប្រសាសន៍ថា ការចុះជួបនាពេលនេះ មានគោលបំណងស្វែងយល់ពីស្ថានភាពផលិតកម្មកសិកម្មនៅក្នុងមូលដ្ឋាន ព្រមទាំងផ្សព្វផ្សាយអំពីតួនាទីរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសមាគមបណ្តាញកសិករតេជោក្នុងការគាំទ្រ និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេស ធនាគារ ARDB គាំទ្រដល់ ការដាំដុះ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម និងអាជីវកម្មកសិ-ឧស្សាហកម្ម។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតបានប្រាប់កសិករថា ការធ្វើកសិកម្មក្នុងសម័យបច្ចុប្បន្នមិនអាចពឹងផ្អែកលើបទពិសោធន៍ឬទម្លាប់ចាស់ៗតែមួយមុខបានទៀតទេ ប៉ុន្តែត្រូវផ្អែកលើចំណេះដឹង បច្ចេកវិទ្យា ការគ្រប់គ្រងថ្លៃដើមផលិត និងមានផែនការផលិតឱ្យបានច្បាស់លាស់ស្របទៅតាមតម្រូវការទីផ្សារ។
ទន្ទឹមនឹងនេះ ដើម្បីជាដំណោះស្រាយ ប្រជាពលរដ្ឋក៏អាចដាក់ប្រាក់សន្សំនៅ ARDB ប្រកបដោយសុវត្ថិភាព នឹងភាពជឿជាក់បំផុត ព្រោះសព្វថ្ងៃនេះធនាគារក៏មានសេវាកម្ម ប្រើប្រាស់ប្រព័ន្ធឌីជីថលលឿនរហ័ស (Mobile App) មានមុខងារច្រើន ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងការទូរទាត់ក្នុងអាជីវកម្មផងដែរ។
សម្រាប់ សមាគមបណ្តាញកសិករតេជោវិញក៏មានតួនាទីសំខាន់ដែរ គឺជួយសម្របសម្រួលទីផ្សារ ផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មី និងភ្ជាប់កសិករជាមួយទីផ្សារ ដើម្បីលើកកម្ពស់ការផលិតឱ្យស្របតាមតម្រូវការជាក់ស្តែង។ ហេតុដូច្នោះកសិករគួរផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្មដោយផ្តោតលើការគ្រប់គ្រងថ្លៃដើមផលិត ការកត់ត្រារាល់ការចំណាយ និងទិន្នផល ការជ្រើសរើសពូជដែលមានគុណភាព ការប្រើប្រាស់ជី និងថ្នាំកសិកម្មតាមបច្ចេកទេស ដើម្បីបង្កើនទិន្នផលទទួលបានប្រាក់ចំណេញ។
