ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គលេខាធិការដ្ឋាន គ.ល.ក.ដកហូតអាជ្ញាបណ្ណ «កាស៊ីណូ ខ្ញុំ» នៅខេត្តកំពត បន្ទាប់ពីរកឃើញពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ខេត្តកំពត៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ខ្ញុំ (CASINO KCHOM) លេខ ០៦២ គ.ល.ក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ របស់ក្រុមហ៊ុន ហ្សូ ចេង ខេ.ភី ហូលថេល ឯ.ក (ZHOU CHENG K.P HOTEL CO., LTD.) ដែលមានទីតាំងស្ថិតនៅ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

ការសម្រេចដកហូតអាជ្ញាបណ្ណ «កាស៊ីណូ ខ្ញុំ»  តាមរយៈសេចក្ដីសម្រេច លេខ៤៦…គ.ល.ក.សសរ ចុះថ្ងៃទី២២..ខែ….គ.ស.២០២៦, បន្ទាប់ពីអាជ្ញាបណ្ណកាស៊ីណូនេះ ត្រូវបានព្យួរ អស់រយៈពេលជាង ៤ ខែ។ ការសម្រេចឈានដល់ការដកហូតអាជ្ញាបណ្ណកាស៊ីណូនេះ ត្រូវបានធ្វើឡើង ដោយផ្អែកលើ ភស្តុតាង និងមូលដ្ឋានរឹងមាំ ដែលបានរកឃើញថា ទីតាំងកាស៊ីណូនេះ បានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ហើយថែមទាំងមានបទល្មើសដទៃទៀត។


កាលពីអំឡុងឆ្នាំ២០២៥ សមត្ថកិច្ចបានបើកការស៊ើបអង្កេត តាមព័ត៌មានដែល រាយការណ៍ថាមានឧក្រិដ្ឋជនបានធ្វើសកម្មភាពឆបោក ក្រោមរូបភាពវិនិយោគក្លែងបន្លំ ចេញពីទីតាំង “កាស៊ីណូ ខ្ញុំ”។ លទ្ធផល នៃការស៊ើបអង្កេត បានបង្ហាញថា នៅក្នុងអគារ “កាស៊ីណូ ខ្ញុំ” មានការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចន៍ តាមរយៈការបោកបញ្ឆោត និង បង្ខំឱ្យធ្វើការងារខុសច្បាប់ ដែលជាអំពើ ONLINE SCAMS និងអំពើល្មើសដទៃទៀត។
ឈរលើមូលដ្ឋាននេះ ស្ថាប័នអយ្យការអមសាលាដំបូងបានសម្រេចចោទប្រកាន់លើម្ចាស់ទីតាំង និងគូកន ពីបទការជ្រើសរើស មិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចន៍, បទឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) និងបទសម្អាតប្រាក់ តាមមាត្រា នៃច្បាប់ជាធរមាន ហើយបច្ចុប្បន្នសាលាជម្រះក្តីកំពុងស្រាវជ្រាវព័ត៌មានពាក់ព័ន្ធបន្ថែមផ្សេងទៀត របស់បុគ្គល ដែលជាម្ចាស់ទីតាំង នៃកាស៊ីណូនេះ។
ជាថ្មីម្ដងទៀត, អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. សូមរំលឹកដល់កម្មសិទ្ធិករ និង/ឬ ប្រតិបត្តិករមណ្ឌលល្បែង ពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មទាំងអស់ ត្រូវបន្តអាជីវកម្មស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវជៀសវាងដាច់ខាតនូវរាល់សកម្មភាពពាក់ព័ន្ធនឹង ONLINE SCAMS និងអំពើល្មើសច្បាប់ផ្សេងៗ។
អគ្គលេខាធិការដ្ឋាន គ.ល.ក. បានក្រើនរំលឹកដល់ម្ចាស់អាជីវកម្មកាស៊ីណូ និងល្បែងពាណិជ្ជកម្មទាំងអស់ ឱ្យប្រតិបត្តិការអាជីវកម្មដោយស្របច្បាប់ និងជៀសវាងដាច់ខាតនូវសកម្មភាព Online Scams។ ផ្អែកតាមបទបញ្ជារាជរដ្ឋាភិបាលលេខ ០១ បប (ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥) ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាជ្ញាធរនឹងបន្តចុះត្រួតពិនិត្យ និងចាត់វិធានការច្បាប់យ៉ាងតឹងរឹងបំផុតដោយគ្មានការលើកលែងឡើយ៕