ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនអេមរុរ៉ាយស៍ ជួបពិភាក្សាជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងបរិស្ថាន ដើម្បីជំរុញការអនុវត្ត AWD និងផលិតកម្មស្រូវបញ្ចេញឧស្ម័នទាបនៅកម្ពុជា

ភ្នំពេញ៖ក្រុមហ៊ុនអេមរុរ៉ាយស៍សហការជាមួយCarbon Farmរាជធានីភ្នំពេញ ក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះបានជួបពិភាក្សាជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងបរិស្ថាន ដើម្បីបង្ហាញអំពីវឌ្ឍនភាពនិងផែនការពង្រីកគម្រោងកាត់បន្ថយការបំភាយឧស្ម័នមេតានពីផលិតកម្មស្រូវ តាមរយៈបច្ចេកទេសគ្រប់គ្រងទឹកបែបពន្លិចឆ្លាស់នឹងបង្ហូរដីស្រែឱ្យស្ងួត (Alternate Wetting and Drying – AWD)។

កិច្ចប្រជុំនេះបានផ្តល់វេទិកាដ៏សំខាន់សម្រាប់ការពិភាក្សាបច្ចេកទេសជាមួយក្រសួង អំពីរបៀបដែលកម្ពុជាអាចពង្រីកការអនុវត្តផលិតកម្មស្រូវបញ្ចេញឧស្ម័នទាប ដែលអាចអនុវត្តបានជាក់ស្តែងអាចវាស់វែងបាននិងផ្តោតលើកសិករ ព្រមទាំងគាំទ្រដល់គោលដៅអាកាសធាតុថ្នាក់ជាតិ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់វិស័យកសិកម្មកម្ពុជា។

ពីស្រូវប្រកបដោយចីរភាពទៅកាន់ស្រូវបញ្ចេញឧស្ម័នទាប

អេមរុរ៉ាយស៍បានកសាងប្រព័ន្ធផ្គត់ផ្គង់ប្រកបដោយចីរភាព តាមរយៈកិច្ចសហការរយៈពេលវែងជាមួយសហគមន៍កសិកម្ម និងកសិករខ្នាតតូច។ គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ បណ្តាញខ្សែច្រវាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនគ្របដណ្តប់លើសហគមន៍កសិកម្មចំនួន ៥១ ក្រុមចង្កោមចំនួន ១៦៣ កសិករចំនួន ២២,៤៥៥ នាក់ និងផ្ទៃដីចំនួន ៤៥,០០០ ហិកតា ក្នុងនោះមានកសិករសរីរាង្គចំនួន ៧,២០០ នាក់ ដែលដាំដុះលើផ្ទៃដីប្រមាណ ២៦,០០០ ហិកតា។

ការចូលរួមរបស់ក្រុមហ៊ុនជាមួយកសិករនៅខេត្តបាត់ដំបងបានចាប់ផ្តើមតាំងពីឆ្នាំ២០១៧ តាមរយៈកសិកម្មតាមកិច្ចសន្យាជាមួយ
សហគមន៍កសិកម្មចំនួនពីរ។ បរិមាណទិញស្រូវបានកើនពីប្រមាណ៣,០០០ តោនក្នុងមួយឆ្នាំ ដល់១៥,០០០តោននៅឆ្នាំ២០២៥ កើនមក៣០,០០០តោនសម្រាប់ឆ្នាំ២០២៦ អេមរុរ៉ាយស៍ក៏បានវិនិយោគលើប្រាក់លើកទឹកចិត្តដល់កសិករ ការបណ្តុះបណ្តាលបច្ចុកទេសការធ្វើបង្ហាញ និងការបញ្ជាក់វិញ្ញាបនបត្រ ជាផ្នែកមួយនៃភាពជាដៃគូរយៈពេលវែងនេះ។

ដោយផ្អែកលើមូលដ្ឋាននេះអេមរុរ៉ាយស៍ បានចាប់ផ្តើមពង្រីកការងារទាក់ទងAWDនៅឆ្នាំ២០២៤ក្រោមគម្រោងនេះកសិករទទួលបានប្រាក់លើកទឹកចិត្តបន្ថែម ហើយគ្រាប់ពូជស្រូវត្រូវបានផ្តល់ជូនក្នុងតម្លៃទាបជាងទីផ្សារ ដើម្បីរួមចំណែកបង្កើនប្រាក់ចំណូលនិងកាត់បន្ថយថ្លៃដើមផលិតកម្មរបស់កសិករ។

ភាពជាដៃគូជាមួយ Carbon Farm និងការអភិវឌ្ឍប្រព័ន្ធ MRV
Carbon Farm បានផ្តល់ការគាំទ្របច្ចេកទេសសម្រាប់ការសាកល្បងអនុវត្ត AWD នៅតាមវាលស្រែ ដោយចាប់ផ្តើមនៅចុងឆ្នាំ២០២៤ ក្នុងឃុំចំនួនពីរ។ ការងារនេះបានបន្តឆ្ពោះទៅការអនុវត្តដោយកសិករផ្ទាល់និងសហការជាមួយគម្រោង WAT4CAM ដើម្បីពង្រីកការយល់ដឹង និងការចូលរួមរបស់កសិករ។

សមាសភាគសំខាន់មួយនៃគម្រោងគឺការអភិវឌ្ឍប្រព័ន្ធវាស់វែង រាយការណ៍និងផ្ទៀងផ្ទាត់ (Measurement, Reporting and Verification – MRV) ដែលមានភាពជឿជាក់។ គម្រោងកំពុងប្រើឧបករណ៍ចាប់សញ្ញានៅវាលស្រែ រួមជាមួយប្រព័ន្ធតាមដានឌីជីថល ដើម្បីតាមដានការអនុវត្ត និងប្រមូលទិន្នន័យសម្រាប់វាស់វែងផលប៉ះពាល់អាកាសធាតុពីការអនុវត្ត AWD។

គម្រោងក៏បានឈានទៅរកការទទួលស្គាល់ជាអន្តរជាតិផងដែរ

ដោយគម្រោងត្រូវបានចុះបញ្ជីជាផ្លូវការជាមួយ Gold Standard នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ និងទទួលបានការអនុញ្ញាតនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដែលគាំទ្រដល់ដំណើរការវាយតម្លៃ ផ្ទៀងផ្ទាត់ និងការទទួលស្គាល់លទ្ធផលអាកាសធាតុរបស់គម្រោងជាអន្តរជាតិ។

មហិច្ឆតាពង្រីក AWD ដល់ ២៥,០០០ ហិកតា គម្រោងរបស់ អេមរុរ៉ាយស៍ និង Carbon Farm ត្រូវបានរៀបចំឡើងដើម្បីឈានពីការអនុវត្តសាកល្បង ពង្រីងបន្ថែមដើម្បីឈានទៅកាន់គោលដៅដែលបានកំណត់រយះពេលវែង។​​​ ផែនការរយៈពេលប្រាំឆ្នាំដែលបានបង្ហាញជូនក្រុមការងារបច្ចេកទេស មានគោលដៅពង្រីកផ្ទៃដីអនុវត្ត AWD ពីមូលដ្ឋានក្រោម ២,០០០ ហិកតា ទៅ ៣,០០០ ហិកតានៅឆ្នាំ២០២៦, ១០,០០០ ហិកតានៅឆ្នាំ២០២៧, ១៧,០០០ ហិកតានៅឆ្នាំ២០២៨, ២០,០០០ ហិកតានៅឆ្នាំ២០២៩ និង ២៥,០០០ ហិកតានៅឆ្នាំ២០៣០។

ចំនួនកសិករចូលរួមត្រូវបានរំពឹងថានឹងកើនដល់៥,០០០នាក់នៅឆ្នាំ២០៣០ខណៈក្របខណ្ឌផែនការគម្រោងប្រើសូចនាករកាត់បន្ថយមេតានប៉ាន់ស្មានចំនួន ៥តោនCO₂e រឺប្រហាក់ប្រហែល១២៥,០០០តោនCO₂eសម្រាប់ផ្ទែដី២៥,០០០ហិកតា។ ការធ្វើផែនទី GIS ការតាមដានដោយផ្កាយរណប កំណត់ត្រាបណ្តុះបណ្តាលកសិករ និងរបាយការណ៍កាបូន ត្រូវបានគ្រោងប្រើជាយន្តការផ្ទៀងផ្ទាត់។ តំបន់ពង្រីកដំបូងដែលបានបង្ហាញជូនក្រសួងរួមមានតំបន់គម្រោងសក្តានុពលនៅខេត្តបាត់ដំបង សៀមរាប កំពង់ធំនិងខេត្តមួយចំនួនទៀតទៅអនាគតដែលមានប្រព័ន្ធធារាសាស្ត្រដែលអាចអនុវត្តន៍គម្រោងបាន ដោយភ្ជាប់ការអនុវត្តAWD ជាមួយតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ អាចគាំទ្រដល់ការគ្រប់គ្រងទឹកឱ្យកាន់តែមានប្រសិទ្ធភាព។

កិច្ចសហការរដ្ឋ–ឯកជន ក្រុមផលិតសម្រាប់វិស័យស្រូវឆ្លាតវៃអាកាសធាតុនៅកម្ពុជា

កិច្ចពិភាក្សាជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងបរិស្ថាន គឺជាជំហានសំខាន់មួយក្នុងការតម្រឹមការវិនិយោគរបស់វិស័យឯកជន ការចូលរួមរបស់កសិករ ការវាស់វែងតាមបែបវិទ្យាសាស្ត្រ និងគោលនយោបាយអាកាសធាតុរបស់រាជរដ្ឋាភិបាល។
សម្រាប់អេមរុរ៉ាយស៍និងCarbonFarm, AWDមិនមែនគ្រាន់តែជាគម្រោងកាបូនប៉ុណ្ណោះទេ។ វាជាឱកាសក្នុងការអភិវឌ្ឍគំរូថ្មីមួយសម្រាប់វិស័យស្រូវកម្ពុជា ដែលការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ប្រសិទ្ធភាពនៃការប្រើប្រាស់ទឹក ជីវភាពកសិករ ការផ្គត់ផ្គង់ប្រកបដោយចីរភាព និងសមត្ថភាពប្រកួតប្រជែងនៅទីផ្សារអន្តរជាតិ អាចគាំទ្រគ្នាទៅវិញទៅមក។
ភាពជាដៃគូនេះក៏ទទួលស្គាល់ថាការពង្រីកគម្រោងឱ្យទទួលបានជោគជ័យ តម្រូវឱ្យមានការសម្របសម្រួលយ៉ាងរឹងមាំរវាងស្ថាប័នរាជរដ្ឋាភិបាល សហគមន៍កសិកម្ម កសិករ ភាគីពាក់ព័ន្ធនឹងធារាសាស្ត្រ ដៃគូបច្ចេកទេស និងវិស័យឯកជន។
អមរុ រ៉ាយស៍ បានចាប់ផ្តើមពង្រឹងកិច្ចសហការជាមួយស្ថាប័នរដ្ឋរួចមកហើយ។ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុនបានចុះអនុស្សរណៈយោគយល់ជាមួយស្ថាប័នកសិកម្មពាក់ព័ន្ធ ដើម្បីជំរុញសកម្មភាពកាត់បន្ថយការបំភាយមេតានក្នុងផលិតកម្មស្រូវ ព្រមទាំងបង្កើតផលប្រយោជន៍សម្រាប់កសិករ និងសេដ្ឋកិច្ចកម្ពុជា។

ឆ្ពោះទៅរកគំរូស្រូវកាបូនទាបរបស់កម្ពុជាដែលមានភាពជឿជាក់

តាមរយៈកិច្ចសហការជាមួយក្រសួងបរិស្ថាន អេមរុរ៉ាយស៍និងCarbonFarm បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍវិធីសាស្ត្រដែលមានមូលដ្ឋានវិទ្យាសាស្ត្រ អាចវាស់វែងបានមានភាពជឿជាក់ និងអាចពង្រីកបាន ខណៈរក្សាកសិករឱ្យស្ថិតនៅជាចំណុចកណ្តាលនៃការផ្លាស់ប្តូរ។ មហិច្ឆតារយៈពេលវែងគឺបង្ហាញថាការកាត់បន្ថយការបំភាយមេតានពីការដាំដុះស្រូវ អាចដំណើរការស្របគ្នាជាមួយការកែលម្អការគ្រប់គ្រងទឹក ការពង្រឹងអង្គការកសិករ ការបង្កើនឱកាសទីផ្សារ និងភាពធន់របស់វិស័យស្រូវកម្ពុជា។

អេមរុរ៉ាយស៍ និង Carbon Farm រំពឹងបន្តកិច្ចសហការបច្ចេកទេសជាមួយក្រសួងបរិស្ថាន និងស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្ត AWD និងរួមចំណែកដល់ការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅកាន់កសិកម្មដែលធន់នឹងអាកាសធាតុ បញ្ចេញឧស្ម័នទាប និងប្រកបដោយចីរភាព។