ខេត្តបាត់ដំបង៖ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.) បានចាប់ផ្តើមទិញស្រូវពីកសិករ តាមកិច្ចសន្យាដែលបានព្រមព្រៀង និងចុះហត្ថលេខាជាមួយក្រុមប្រធានផលិតស្រូវហេីយ ដែលការចុះកិច្ចសន្យានោះប្រព្រឹត្តិទៅដោយតំណាងសមាគម៏បណ្តាញកសិករតេជោនៅទីស្នាក់ការធានាគាអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)កន្លងទៅនេះ ។ ការចាប់ផ្តើមអនុវត្តកិច្ចសន្យានេះ គឺជាដំណឹងដ៏ល្អសម្រាប់កសិករក្នុងកិច្ចសន្យា ព្រោះវាជួយបង្កើនភាពច្បាស់លាស់ក្នុងការរកទីផ្សារ និងរៀបចំផែនការផលិតកម្មបានកាន់តែប្រសើរ។
ជាមួយគ្នានេះ តម្លៃទីផ្សាស្រូវបូកប្រាក់លេីកទឹកចិត្តនឹងត្រូវអនុវត្តដោយផ្អែកលើស្ថានភាពទីផ្សារស្រូវពិតពិត គុណភាពស្រូវ និងលក្ខខណ្ឌដែលបានព្រមព្រៀងក្នុងកិច្ចសន្យា ដោយផ្តោតលើភាពត្រឹមត្រូវ តម្លាភាព និងផលប្រយោជន៍របស់កសិករ។ ការទិញតាមកិច្ចសន្យាក៏ជួយកាត់បន្ថយភាពមិនប្រាកដប្រជាផ្នែកទីផ្សារ និងផ្តល់ឱកាសឱ្យកសិករទទួលបានទីផ្សារដែលមានការរៀបចំច្បាស់លាស់។
សូមលើកទឹកចិត្តដល់បងប្អូនកសិករទាំងអស់ ខិតខំថែទាំស្រូវ យកចិត្តទុកដាក់លើគុណភាព និងអនុវត្តតាមបច្ចេកទេសកសិកម្មល្អ ដើម្បីឱ្យផលិតផលមានគុណភាពខ្ពស់ និងអាចទទួលបានតម្លៃល្អនៅពេលប្រមូលផល។
ការខិតខំប្រឹងប្រែងរបស់កសិករ គឺជាមូលដ្ឋានសំខាន់សម្រាប់សន្តិសុខស្បៀង និងការរីកចម្រើននៃវិស័យកសិកម្មកម្ពុជា។ កុំបាក់ទឹកចិត្តចំពោះការប្រែប្រួលតម្លៃទីផ្សារ តែត្រូវបន្តពង្រឹងគុណភាព ផលិតតាមតម្រូវការទីផ្សារ និងចូលរួមក្នុងការលក់តាមប្រព័ន្ធកិច្ចសន្យា ដើម្បីបង្កើនអំណាចចរចា និងផលប្រយោជន៍របស់កសិករ។
សមាគម៏បណ្តាញកសិករតេជោ និង ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.) នឹងបន្តពង្រឹងកិច្ចសហការជាមួយកសិករ ដើម្បីរួមគ្នាបង្កើតទីផ្សារដែលមានភាពច្បាស់លាស់ និងមាននិរន្តរភាព។







