ភ្នំពេញ:ពិធីចុះMoUរវាងក្រុមហ៊ុនលាងឡេង ស៊ស ជាមួយក្រុមហ៊ុន DKSH Cambodiaដើម្បីបង្ហាញពីឆន្ទៈរួមក្នុងការកសាងកិច្ចសហប្រតិបត្តិការភាពជាដៃគូ ចែកចាយ និងដឹកជញ្ជូនផលិតផល។
សហគ្រាស លាងឡេង (Leang Leng) គឺជាសហគ្រាសផលិតគ្រឿងទេសកូនខ្មែរឈានមុខគេ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលើការផលិតទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ទឹកសៀង ទឹកប្រេងខ្យង និងទឹកខ្មេះ ដោយផ្តោតលើរសជាតិឆ្ងាញ់និងសុវត្ថិភាពខ្ពស់។ សហគ្រាសផលិតទឹកត្រី លាង ឡេង មានប្រវត្តិបង្កើតឡើងតាំងពីឆ្នាំ ១៩៨៣ និងបានប្រកាន់គោលការណ៍អនុលោមភាពផលិតផលទាំងស្តង់ដាជាតិ និងអន្តរជាតិ រួមទាំងផ្នែកបរិស្ថាន និងបានការទទួលស្គាល់ស្តង់ដា ISO ស្តង់ដា HALAL និងស្ដង់ដារសុវត្ថិភាពចំណីអាហារពីអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) CQS “Cambodia Quality Seal” និងអាចប្រកួតប្រជែងជាមួយទំនិញនាំចូលបានថែមទៀត។
ឯកឧត្តម លាង ឡេង អគ្គនាយកក្រុមហ៊ុន លាងឡេង (Leang Leng) ក៏បានប្តេជ្ញាថា នឹងតបទៅតម្រូវការដ៏ច្រើនលើសលុបពីសំណាក់អ្នកប្រើប្រាស់ទាំងក្នុងនិងក្រៅប្រទេស សហគ្រាស លាងឡេង បាននិងកំពុងពង្រីកទំហំនៃការផលិត ដោយបានបោះទុនវិនិយោគបន្ថែមប្រមាណជាជាង៣លានដុល្លារបង្កើតរោងចក្រផលិតទឹកត្រីលាងឡេងនៅខេត្តកំពង់ឆ្នាំ ដែលជាសំបុក្រត្រីដ៏ធំរបស់កម្ពុជា។ បច្ចុប្បន្នរោងចក្រនោះ បានកសាងហេដ្ឋារចនាសម្ព័ន្ធរួចរាល់ហើយ និងកំពុងបំពាក់ម៉ាស៊ីនផលិតដ៏ទំនើបដែលនាំចូលពីបរទេស៕














