ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាថ្លែងអំណរគុណនិងគាំទ្រយ៉ាងពេញទំហឹងពីសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក្នុងនាម សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា(CLRA)និងតំណាងឱ្យបងប្អូនកសិករ អ្នកចិញ្ចឹមសត្វទូទាំងប្រទេសកម្ពុជា យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមកោតសរសើរដោយស្មោះចំពោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេស អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងមន្ត្រីអធិការកិច្ចបសុពេទ្យខេត្តកំពង់ធំ និងខេត្តព្រះវិហារ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ម៉ឺងម៉ាត់ និងមិនគិតពីការនឿយហត់ ក្នុងការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសចលនាសត្វខុសច្បាប់ជាបន្តបន្ទាប់។
ជាក់ស្តែងនៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ក្រុមការងារចម្រុះបានសហការចុះបង្ក្រាបបទល្មើសចលនាសត្វដោយរឹបអូសបាន៖សត្វជ្រូករស់ (កូនជ្រូកជំទង់)ចំនួន ១៨៣ ក្បាលរថយន្តដឹកជញ្ជូន១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ(ស្លាកលេខ 3A 5109)វត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅរក្សាទុកនៅចត្តាឡីស័ក្ករបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីអនុវត្តនីតិវិធីច្បាប់។
សកម្មភាពបង្ក្រាបបទល្មើសទាន់ពេលវេលានេះ គឺជាការរួមចំណែកដ៏ធំធេងក្នុងការ៖ ១.ការពារ និងលើកទឹកចិត្តដល់វិស័យចិញ្ចឹមសត្វក្នុងស្រុក ឱ្យមាននិរន្តរភាព និងស្ថិរភាពទីផ្សារ។ ២. ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងសត្វកាចសាហាវផ្សេងៗចូលក្នុងកសិដ្ឋាន និងសហគមន៍។ ៣. ធានាបាននូវសុវត្ថិភាពចំណីអាហារ និងសុខុមាលភាពជូនដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការច្បាប់ដ៏តឹងរ៉ឹងនេះ និងសូមជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន។








