ខេត្តក្រចេះ៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបង្ហាញថា ទឹកជំនន់បណ្តាលមកពីទឹកទន្លេមេគង្គកើនឡើងបានប៉ះពាល់ក្រុង-ស្រុកចំនួន ៦ រួមមាន ស្រុកឆ្លូង, ស្រុកព្រែកប្រសព្វ, ស្រុកសំបូរ, ក្រុងក្រចេះ, ស្រុកចិត្របុរី, ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ក្នុងនោះ ប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន ៨.២១០គ្រួសារ និងជម្លៀសទៅទីទួលសុវត្ថិភាពចំនួន ១០១គ្រួសារ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន ទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានលើកឡើងថា«ថ្ងៃនេះ ខ្ញុំ បានបន្តធ្វើដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលបណ្តាលមកពីទឹកទន្លេមេគង្គកើនឡើង និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះរងផលប៉ះពាល់ ក្នុងភូមិព្រែកកូវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ តាមការពិនិត្យ ផ្ទះប្រជាពលរដ្ឋភាគច្រើនទឹកជំនន់លិចដល់ក្រោមផ្ទះ ជាមួយបញ្ហានេះ ខ្ញុំ បានណែនាំដល់រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋានត្រូវតាមដានពីស្ថានភាពកម្ពស់ឱ្យបានជាប្រចាំ ដើម្បីមានការត្រៀមលក្ខណៈឆ្លើយតប ប្រសិនកម្ពស់ទឹកទន្លេមេគង្គបន្តកើនឡើង»។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានលើកឡើងថា បើទោះបី ប្រជាពលរដ្ឋភាគច្រើននៅតាមដងទន្លេ មិនទាន់មានការជម្លៀសពីផ្ទះ ដោយបានបញ្ជាដល់រដ្ឋបាលខេត្ត ជាលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវត្រៀមបម្រុងគ្រប់តម្រូវការចាំបាច់ និងទីទួលសុវត្ថិភាពដែលមានស្រាប់ ដើម្បីអន្តរាគមន៍ និងរៀបចំជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕






























