ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា សុង សារ៉ន ចូលរួមជាវាគ្មិនក្នុងកិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវ ដើម្បីសន្តិសុខស្បៀង និងអាកាសធាតុ

ភ្នំពេញ៖នារសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុ រ៉ាយស៍ (AMRU Rice) បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី កិច្ចសន្ទនាពហុភាគីពាក់ព័ន្ធរបស់សភា ស្តីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវសម្រាប់សន្តិសុខស្បៀង និងសន្តិសុខអាកាសធាតុ ដែលរៀបចំដោយ អន្តរសភាអាស៊ាន (AIPA) នៅវិមានរដ្ឋសភាជាតិ។

កម្មវិធីនេះមានការចូលរួមពីសមាជិក សមាជិកានៃបណ្តាប្រទេសអាស៊ាន តំណាងស្ថានទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតំណាងក្រសួង ស្ថាប័នរដ្ឋ និងភាគីពាក់ព័ន្ធនានា។

តបតាមការអញ្ជើញរបស់ AIPA ឧកញ៉ា សុង សារ៉ន បានចែករំលែកបទពិសោធន៍ និងការអនុវត្តជាក់ស្តែងរបស់ AMRU Rice ក្នុងការវិនិយោគលើវិស័យស្រូវអង្ករ តាមរយៈការធ្វើការដោយផ្ទាល់ជាមួយកសិករ ការអភិវឌ្ឍខ្សែច្រវាក់តម្លៃពីកសិដ្ឋានទៅទីផ្សារ និងការផលិតអង្ករប្រណិត សរីរាង្គ និងប្រកបដោយចីរភាព សម្រាប់ទីផ្សារអន្តរជាតិ។

ក្នុងកិច្ចសន្ទនា ឧកញ៉ា សុង សារ៉ន បានលើកឡើងពីគន្លឹះសំខាន់ៗថា៖

• ការវិនិយោគប្រកបដោយការទទួលខុសត្រូវ គឺជាយុទ្ធសាស្ត្រសេដ្ឋកិច្ច មិនមែនគ្រាន់តែជាការចំណាយលើបរិស្ថាន និងសង្គមនោះទេ។
• ទីផ្សារបង្កើតកម្លាំងជំរុញសម្រាប់ការវិនិយោគ ដោយការចូលទៅកាន់ទីផ្សារដែលផ្តល់តម្លៃលើគុណភាព សុវត្ថិភាពអាហារ ការតាមដានប្រភព និងផលិតកម្មប្រកបដោយចីរភាព ជំរុញឱ្យមានការវិនិយោគបន្ថែមនៅតាមខ្សែច្រវាក់ផលិតកម្ម។
• ការវិនិយោគត្រូវតែទៅដល់កសិករ តាមរយៈបច្ចេកវិទ្យា ចំណេះដឹង ហិរញ្ញប្បទាន គ្រាប់ពូជ ប្រព័ន្ធស្រោចស្រព និងការអភិវឌ្ឍសហគមន៍កសិកម្ម។
• ភាពជាដៃគូរវាងវិស័យឯកជន រាជរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ និងកសិករ គឺជាកត្តាសំខាន់ក្នុងការធ្វើឱ្យការវិនិយោគប្រកបដោយការទទួលខុសត្រូវអាចពង្រីកបាន។

ជាពិសេស ឧកញ៉ា សុង សារ៉ន បានផ្តល់អនុសាសន៍ដល់បណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីជំរុញការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យកសិកម្ម ដោយផ្តោតលើចំណុចសំខាន់ៗចំនួន ៥៖

១. ពង្រីកការគាំទ្រដល់ការអនុវត្តកសិកម្មវៃឆ្លាតដែលធន់នឹងការប្រែប្រួលអាកាសធាតុ
ជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងការអនុវត្តដែលអាចបង្កើនផលិតភាព និងភាពធន់របស់កសិករ។
២. ពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទាន និងការគាំទ្រជាសហគមន៍សម្រាប់កសិករ
បង្កើតយន្តការហិរញ្ញប្បទាន និងការចែករំលែកហានិភ័យ ដែលអាចឱ្យកសិករ សហគមន៍កសិកម្ម និងអ្នកកែច្នៃធ្វើការវិនិយោគរយៈពេលវែង។
៣. ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀងក្នុងតំបន់ឱ្យមានប្រសិទ្ធភាព និងភាពធន់
ពង្រឹងការតភ្ជាប់ទីផ្សារ ការដឹកជញ្ជូន ការស្តុកទុក និងការធ្វើពិពិធកម្មទីផ្សារ ដើម្បីធានាសន្តិសុខស្បៀងក្នុងតំបន់។
៤. ពង្រឹងការតាមដាន និងផ្ទៀងផ្ទាត់ការកាត់បន្ថយការបំភាយឧស្ម័នមេតាន និងលទ្ធផលបរិស្ថាន
បង្កើតប្រព័ន្ធវាស់វែង តាមដាន និងផ្ទៀងផ្ទាត់ដែលអាចទុកចិត្តបាន ដើម្បីឱ្យការអនុវត្តប្រកបដោយចីរភាពអាចទទួលបានការទទួលស្គាល់ និងការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច។
៥. ប្រែក្លាយគោលការណ៍ ASEAN RAI ទៅជាសកម្មភាពដែលអាចវិនិយោគបាន

បង្កើតគម្រោងដែលអាចទទួលបានហិរញ្ញប្បទាន ភាពជាដៃគូរវាងរដ្ឋ និងឯកជន ប្រព័ន្ធទិន្នន័យ និងការវាស់វែងលទ្ធផលជាក់ស្តែងសម្រាប់កសិករ។
សារសំខាន់ «ការវិនិយោគប្រកបដោយការទទួលខុសត្រូវ មិនមែនគ្រាន់តែជាចំណាយនោះទេ។ វាគឺជាយុទ្ធសាស្ត្រសម្រាប់បង្កើតតម្លៃសេដ្ឋកិច្ចរយៈពេលវែង ពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងធានាសន្តិសុខស្បៀង»។

ការចូលរួមរបស់ AMRU Rice ក្នុងវេទិកា AIPA នេះ បានបង្ហាញពីតួនាទីរបស់វិស័យឯកជនកម្ពុជាក្នុងការចែករំលែកបទពិសោធន៍ជាក់ស្តែង និងរួមចំណែកក្នុងការជំរុញ ASEAN Responsible Agricultural Investment (RAI) ឱ្យក្លាយជាសកម្មភាពជាក់ស្តែង ដែលអាចបង្កើតផលប្រយោជន៍រួមសម្រាប់ កសិករ វិស័យឯកជន សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់អាស៊ាន។