ខេត្តព្រៃវែង ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែកក្កដា សីហា និងលើកទិសដៅខែកញ្ញាឆ្នាំ២០២៦ ដើម្បីអនុវត្តបន្ត ។
ក្នុងពិធីនេះ ក៏បានទទួលការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ លោក-លោកស្រីវរសេនីយ៍ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យទាំង៣០ លោកប្រធានអង្គភាពទាំងពីរ លោកមេបញ្ជាការវរៈនគរបាលការពារព្រំដែនគោកលេខ ៦០៧ លោកអធិការ អធិការរងសេនាធិការ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍ការពារព្រំដែនគោកទាំង០៧ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ ។
រួមជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានធ្វើការក្រើនរំលឹកដាស់តឿនដល់មន្ត្រីនគរបាលទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ពន្លឿន ពង្រឹងប្រសិទ្ធភាពការងារក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានរហ័សនិងទាន់ពេលវេលា។ ជាពិសេសអនុវត្តឲ្យបាន១០០%នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាលុបបំបាត់ឱ្យអស់បញ្ហាក្មេងទំនើង បង្ការទប់ស្កាត់បង្ក្រាបបញ្ហាគ្រឿងញៀន ប្រជុំធ្វើវេទិកាផ្សព្វផ្សាយអប់រំ និងវេទិកាសាធារណៈ ក្ដាប់និងកំណត់រាល់មុខសញ្ញាឲ្យបានច្បាស់លាស់ក្នុងមូលដ្ឋាន ជៀសវាងក្រុមទាំងនេះបង្កបាតុភាពផ្សេងៗដែលកើតឡើងជាយថាហេតុ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ លោក-លោកស្រី ស្នងការរង ចុះមុខព្រួញ លោកនាយការិយាល័យជំនាញ លោកអធិការ លោកនាយប៉ុស្តិ៍ និងមន្ត្រីនគរបាលយើងទាំងអស់ដែលបានខិតខំបំពេញភារកិច្ចការងារបានយ៉ាងល្អប្រសើរ ប្រកបដោយវិជ្ជាជីវៈ និងភាពទទួលខុសត្រូវខ្ពស់ ជាពិសេសការអភិវឌ្ឃន៍ កសាងអង្គភាព អានាម័យ សម្អាត បរិស្ថាន ជុំវិញកន្លែងធ្វើការបានយ៉ាងល្អ ។

















