ភ្នំពេញ៖នាឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិលរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះបានអញ្ជេីញជាអធិបតីចុះកិច្ចសន្យាទិញ-លក់ និងនាំចេញផ្លែមៀនស្រស់ រវាងក្រុមហ៊ុន វ៉េត អេហ្គ្រីខលឈ័រ អុឹមផត អិចផត ឯ.ក និងក្រុមហ៊ុន ពេជ្រចិន្តា ហ្វ្រ៊ូត ប្រូដាក់សិន ភីអេហ្វភី ឯ.ក ទៅកាន់ទីផ្សារប្រទេសចិន។
ក្នុងជំនួបសំខាន់នេះ ឯកឧត្តម គី ច័ន្ទរំដួល បានសម្តែងក្តីសោមនស្សរីករាយដែលភាគីក្រុមហ៊ុនទាំងពីរមានគោលដៅសហការគ្នាក្នុងការនាំចេញកសិផលសក្កានុពលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដែលផ្តល់ផលចំណេញទាំងអស់គ្នា និងពង្រីកទំហំនៃការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
ជាមួយគ្នានេះដែរ ឯកឧត្តម គី ច័ន្ទរំដួល បានសង្កត់ធ្ងន់ពីការកសាងទំនុកចិត្តជាមួយគ្នា រក្សានូវទំនាក់ទំនងល្អ យកចិត្តទុកដាក់ពង្រឹងខ្សែច្រវាក់តម្លៃ ធានាបានទាំងគុណភាពនិងបរិមាណក្នុងការនាំចេញ និងបន្តសហការរួមគ្នារៀបចំផែនការផលិតកម្មយូរអង្វែង ផ្តល់ផលចំណេញនិងភាពងាយស្រួលដល់កសិករដាំដុះ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕









