ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ថាយ សុមុនី នាយកម្រោងCamAdapt៖ ពង្រឹងសន្តិសុខទឹក លើកកម្ពស់ការកែច្នៃផលនេសាទ និងពង្រឹងភាពធន់នៃជីវភាពសហគមន៍តំបន់ឆ្នេរនៅក្នុងខេត្តចំនួន៤

ភ្នំពេញ៖ លោក ថាយ សុមុនី នាយកម្រោងការបន្ស៊ាំ និងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅ តំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt)នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះបានដឹកនាំ និងសម្របសម្រួលសកម្មភាពដែលបានបញ្ចប់នៅក្នុងសប្តាហ៍នេះ ដោយផ្តោតលើការគាំទ្រដំណោះស្រាយបន្សុំាដែលសមស្របតាមតម្រូវការរបស់សហគមន៍នៅតំបន់ឆ្នេរទូទាំងខេត្តចំនួន៤ រួមមាន កំពត កែប ព្រះសីហនុ និងខេត្តកោះកុង។
តាមរយៈគម្រោង CamAdapt អគ្គនាយកដ្ឋានជលផល បាននិងកំពុងគាំទ្រដល់សហគមន៍ ដើម្បីពង្រឹងសមត្ថភាពក្នុងការទប់ទល់នឹងការប្រែប្រួលនៃលក្ខខណ្ឌអាកាសធាតុ និងលើកកម្ពស់ជីវភាពដែលមានភាពធន់។
លោក ថាយ សុមុនី បានគូសបញ្ជាក់ថា គម្រោង CamAdapt បានគាំទ្រ ធុងស្តុកទឹកភ្លៀងចំនួន ៤០០ ធុង ដល់សហគមន៍តំបន់ឆ្នេរចំនួន ៤៦ សហគមន៍ និង ទូសម្ងួតសូឡាខ្នាតតូចចំនួន ៥០ គ្រឿង នៅទូទាំងខេត្តទាំង៤ ព្រមទាំង រោងសម្ងួតសូឡាខ្នាតធំចំនួន ២ ខ្នង ដែលបានផ្តល់ជូននៅខេត្តព្រះសីហនុ និងខេត្តកំពត។
លោកបន្តថា ការគាំទ្រនេះឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍តំបន់ឆ្នេរ តាមរយៈការពង្រឹងសន្តិសុខទឹកនៅរដូវប្រាំង និងការកែលម្អការសម្ងួត និងកែច្នៃផលនេសាទក្រោយពេលចាប់។ រោងសម្ងួតសូឡាជួយកាត់បន្ថយការពឹងផ្អែកលើអាកាសធាតុ បង្កើនអនាម័យ និងគុណភាពផលនេសាទ កាត់បន្ថយការខូចខាត និងបង្កើនតម្លៃផលិតផល។
គម្រោង CamAdapt គាំទ្រដោយ មូលនិធិបរិស្ថានសកល (GEF) និងអនុវត្តដោយ ក្រសួងបរិស្ថាន អគ្គនាយកដ្ឋានជលផល និងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) មានគោលដៅគាំទ្រប្រជាជន ១០១,០០០ នាក់ (៥០% ជាស្ត្រី) តាមរយៈការពង្រឹងភាពធន់របស់សហគមន៍ និងជីវភាពរស់នៅដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការស្តារ និងគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរប្រកបដោយចីរភាព។ គម្រោងរួមចំណែកការពារ និងគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ ៨២,០០០ ហិកតា រួមមាន ព្រៃកោងកាង ស្មៅសមុទ្រ និងផ្កាថ្ម៕