ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម ហេង សួរ៖ សមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ជិត២ពាន់នាក់ ដែលភាគច្រើនជាយុវជនប្រកបដោយថាមពល និងកម្លាំងស្នូលត្រូវប្រកាសបញ្ចូល ក្នុងខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសបញ្ចូលសមាជិកគណបក្សថ្មីរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌពោធិ៍សែនជ័យ” សរុបចំនួន ១ ៩៤០នាក់ (ស្រី ៩៣១នាក់) មកពីសង្កាត់ចំនួន ៧ នៃខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
នាឱកាសនោះ ឯកឧត្តមប្រធានបានអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះបងប្អូន ក្មួយៗដែលបានសម្រេចចិត្តប្រកបដោយសុភនិច្ឆ័យចូលរួមកសាងជីវភាពជាមួយនឹងមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដោយផ្អែកតាមសច្ចធម៌ប្រវត្តិសាស្ត្រនៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានវ័យចំណាស់ ភាពចាស់ទុំ និងភាពរឹងមាំជាងគេនៅកម្ពុជា ព្រមទាំងបានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រដ៏យូរលង់ដោយនាំមកនូវជ័យជម្នះដ៏ធំធេងជូនជាតិមាតុភូមិតាមរយៈការតស៊ូសង្គ្រោះជាតិពីរបបប៉ុលពតឱ្យរស់ឡើងវិញ កសាងជាតិ ការពារឯករាជ្យអធិបតេយ្យ និងបូរណភាពទឹកដី កសាងនិងថែរក្សាសន្តិភាព និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យរុងរឿង។
ឯកឧត្តមបានចាត់ទុកការសម្រេចចិត្តចូលរួមជាបន្តបន្ទាប់នេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់គណបក្ស ជាពិសេសនៅមុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧។ ឯកឧត្តមសង្ឃឹមថា សមាជិកថ្មីនឹងក៏ក្លាយជាតួអង្គដ៏សំខាន់ និងមានប្រសិទ្ធភាពក្នុងការចូលរួមផ្សព្វផ្សាយ និងពន្យល់មហាជន ជាពិសេសយុវជនពីមូលហេតុដែលជំរុញឱ្យមានការសម្រេចចិត្តចូលរួមនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្ស និងសមាជិកគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានបំពេញតួនាទីដោយទទួលខុសត្រូវខ្ពស់ ប្រកាន់ខ្ជាប់នូវតួនាទី គោលការណ៍ និងលក្ខន្តិកៈបក្សក្នុងការចុះសួរសុខទុក្ខ ផ្សព្វផ្សាយដល់ពលរដ្ឋពីសច្ចភាព ប្រវត្តិស្នាដៃ និងកម្មវិធីគោលនយោបាយបក្ស ជាពិសេសអនុវត្តតាមអភិក្រម “រក្សាចាស់ បង្កើនថ្មី” ដែលសម្តេចទាំងទ្វេតែងតែរំឭក។
ជាមួយគ្នានេះ ឯកឧត្តមបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករឭកពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិកគណបក្សទាំងអស់ក្នុងមនោសញ្ចេតនាស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្រទីបំផុត។ ថ្នាក់ដឹកនាំកំពូលៗសុទ្ធតែមានអត្តចរិតគំរូគួរឱ្យគោរពស្រឡាញ់ដែល “ហ៊ាននិយាយ ហ៊ានធ្វើ” និងតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់ស្ថានភាពទាំងអស់។
ជាមួយនឹងការរំឭកពីប្រវត្តិគណបក្ស និងជំរុញឱ្យសមាជិកថ្មីឈ្វេងយល់ពីប្រវត្តិប្រកបដោយអត្ថន័យ បុព្វហេតុនៃការបង្កើតសម្រាប់ជាតិមាតុភូមិ រូបសញ្ញា បាវចនា និងរំលេចពីលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងបក្ស ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា ជោគជ័យគណបក្ស កើតចេញពីភាពត្រឹមត្រូវនយោបាយគ្រប់កាលៈទេសៈ ការផ្សារភ្ជាប់នឹងប្រជាជន អនុវត្តគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” រចនាសម្ព័ន្ធចាត់តាំងរឹងមាំគ្រប់ជាន់ថ្នាក់តាមសមត្ថភាព មានគុណធម៌ និងសីលធម៌ ការគិតគូរក្នុងការកសាងជំនាន់បន្តវេន និងសាមគ្គីភាពផ្ទៃក្នុងរឹងមាំ។ ដើម្បីឱ្យជោគជ័យនេះស្ថិតស្ថេរ គឺចាំបាច់ត្រូវការបន្តរក្សាសន្តិភាពដែលថ្នាក់ដឹកនាំគណបក្ស ជាពិសេស សម្តេចតេជោបានយកជីវិតទៅប្តូរ។ បន្ថែមពីនេះ បងប្អូនជាសមាជិកថ្មីត្រូវខិតខំអនុវត្តឱ្យបានពេញលេញនូវការប្តេជ្ញាចិត្ត មានសីលធម៌ល្អ បង្ហាញគំរូល្អក្នុងការអនុវត្តកម្មវិធីនយោបាយ លក្ខន្តិកៈគណបក្ស និងច្បាប់រដ្ឋ ដើម្បីបង្កើនជំនឿ និងការគាំទ្រពីប្រជាពលរដ្ឋបន្ថែមទៀត និងត្រូវគោរពឱ្យតម្លៃស្នាដៃរាមច្បងជំនាន់មុន។
ក្នុងឱកាសនោះ សមាជិកគណបក្សថ្មីបានប្តេជ្ញាអនុវត្តតាមកម្មវិធីនយោបាយ លក្ខន្តិកៈគណបក្ស និងចលនាមិត្តភក្តិ បងប្អូនឱ្យចូលរួមគាំទ្រ និងបោះឆ្នោតជូនគណបក្សដើម្បីធានាបានប្រៀបឈ្នះ ព្រមទាំងថែរក្សាសាមគ្គីឯកភាពផ្ទៃក្នុងជាធ្លុងមួយ ខិតខំឃោសនាផ្សព្វផ្សាយកម្មវិធីនយោបាយគណបក្ស និងច្បាប់រដ្ឋដល់ប្រជាជន។ ក្រៅពីនេះក៏ប្តេជ្ញាលើកកម្ពស់ និងថែរក្សាស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមឱ្យបានរឹងមាំ ក៏ដូចជាថែរក្សាសមិទ្ធផលដែលសម្រេចបានតាំងពីថ្ងៃជ័យជម្នះ ៧មករាឱ្យបានគង់វង្ស៕