បាត់ដំបង ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាល លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា និងសហការី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកស្រូវ នៅតាមបណ្តារោងម៉ាស៊ីន ក្នុងខេត្តបាត់ដំបង ដើម្បីបម្រើការនាំចេញ។
ដំណើរទស្សនកិច្ច និងស្វែងយល់នៅតាមរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបងរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច រួមមានក្រុមហ៊ុន Signature Rice ដែលកំពុងសិក្សាគម្រោងហិរញ្ញប្បទានបៃតង រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ កំពុងប្រមូលទិញស្រូវរង្វង់ ១០ម៉ឺនតោនសម្រាប់កិនកែច្នៃនាំចេញ និងរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកមង្គលបុរី ខេត្តបាត់ដំបង។
ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ គឺ ក្នុងគោលបំណង តាមដានអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្របតាមទិសដៅនាំចេញអង្ករ ១ លានតោនក្នុងមួយឆ្នាំផងដែរ។
ដូច្នេះហើយ ដើម្បីចូលរួមលើកកម្ពស់តម្លៃស្រូវរបស់កសិករឲ្យមានតម្លៃបន្ថែមខ្ពស់ និងរក្សាស្ថេរភាពតម្លៃ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងនាមធនាគារគោលនយោបាយបានជំរុញឲ្យរោងម៉ាស៊ីនក្នុងស្រុក ត្រូវបង្កើនការទិញស្រូវពីកសិករឲ្យអស់លទ្ធភាព នារដូវច្រូតកាត់ឆ្នាំនេះក្នុងតម្លៃសមរម្យ ដើម្បីបង្កើនការស្តុកទុក សម្រាប់កិនកែច្នៃទៅជាអង្ករ បម្រើដល់ការផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅទីផ្សារអន្តរជាតិផង៕
















































