ប្រព័ន្ធផ្សព្វផ្សាយ Fox Business News បានចុះផ្សាយថា កិច្ចចរចាក្នុងដំណើរឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងប្រទេសចិន និងសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី៣១ ខែកក្កដា កន្លងទៅថ្មីៗនេះ មិនទទួលបានលទ្ធផលជាផ្លែផ្កាទេ ។
កិច្ចចរចារវាងក្រុមតំណាងរបស់ចិន និងអាមេរិក បានប្រព្រឹត្តទៅរយៈពេលជាង៤ម៉ោង ប៉ុន្តែសម្រេចជាលទ្ធផល គឺភាគីទាំងពីរបានត្រឹមតែលើកឡើងថា កិច្ចចរចាបានប្រព្រឹត្តទៅដោយការស្ថាបនា និងជួបចរចាម្តងទៀតនៅខែកញ្ញាខាងមុខ ។
ចំណុចដែលនាំឲ្យកិច្ចចរចាមិនទទួលបានលទ្ធផលគឺ ភាគីចិនសុំលើកពេលទៅពិភាក្សាគ្នាសិន លើការកែប្រែច្បាប់ពាណិជ្ជកម្មចិនលើចំណុចខ្លះ ដែលសហរដ្ឋអាមេរិកបានទាមទារ ពាក់ព័ន្ធនឹងការផ្ទេរបច្ចេកវិទ្យាដោយបង្ខំ និងកម្មសិទ្ធិបញ្ញា ៕