ភ្នំពេញ៖ លោករដ្ឋមន្ត្រី វេង សាខុន បានដឹកនាំប្រជុំដើម្បីធ្វើការផ្សព្វផ្សាយសមាសភាពគណ:កម្មាធិការជាតិ និងអគ្គលេខាធិការដ្ឋានប្រតិបត្តិនៃគណ:កម្មាធិការជាតិដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្រ្គាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកធ្វើជាកម្មសិទ្ធិនៅតាមបណ្តាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំដ៏មានសារៈសំខាន់នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នេះ នៅក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មានវត្តមាន ប្រធាន សមាជិក សមាជិកានៃគណ:កម្មាធិការជាតិ និងអគ្គលេខាធិការដ្ឋានដែលអញ្ជើញមកពីអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បីពង្រឹង និងពង្រីកការផ្សព្វផ្សាយលិខិតបទដ្ឋាន គតិយុត្តិនានា ដែលពាក់ព័ន្ធ សេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីពាក់ព័ន្ធនឹងប្រធានបទនេះឲ្យកាន់តែទូលំ ទូលាយ នឹងមានប្រសិទ្ធភាព៕