លោកឧកញ៉ា ហួត ជា នាយកប្រតិបត្តិក្រុមហ៊ុន ហ៊ួត ជា ខូអិលធីឌី បានដឹកនាំបុគ្គលិកស្ម័គ្រចិត្តចំនួន ១៩នាក់ ចូលរួមបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការ ឈាមជាចាំបាច់ កាល ពីថ្ងៃទី១២ខែសីហានេះ ។
លោកឧកញ៉ា ហួត ជា នាយកប្រតិបត្តិក្រុមហ៊ុន ហ៊ួត ជា ខូអិលធីឌី បានមានប្រសាសន៍បញ្ជាក់ថា តាមពិតឈាមគឺពិតជាមានសារៈបំផុតសម្រាប់អ្នកជំងឺដែលខ្វះខាតឈាម ហើយត្រូវការឈាមដើម្បីប្តូរ យកជីវិតរបស់គាត់ មក វិញ ហេតុដូច្នេះការបរិច្ចាគឈាមនេះ មិនត្រឹមតែបង្ហាញនូវចិត្តមនុស្សធម៌នោះទេ ក៏ប៉ុន្តែបានបង្ហាញនូវការលះបង់សម្រាប់ជួយជនរងគ្រោះផងដែរ។
ក្នុង១ថ្ងៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រូវការឈាមប្រហែល ២០០ប្លោក សម្រាប់អ្នកជម្ងឺនៅគ្រប់មន្ទីរពេទ្យ។ តែយ៉ាងណា បច្ចុប្បន្នការផ្តល់អំណោយឈាមដោយស្ម័គ្រចិត្តនៅមានចំនួន តិចតួចនៅឡើយ។ ត្រឹមពាក់កណ្តាលឆ្នាំ ២០១៩ នេះ មានអ្នកបរិច្ចាគឈាមជូនមជ្ឈមណ្ឌលបាន២៩,០០០ប្លោក ក៏ប៉ុន្តែតម្រូវការឈាមនៅតែកើនឡើងដដែល។
មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានបង្កើតមជ្ឈមណ្ឌលទទួលឈាមទូទាំងប្រទេសចំនួន ២២កន្លែង ក្នុងនោះ មាននៅតាមផ្សារទំនើបនៅភ្នំពេញចំនួនពីរ គឺនៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ និងបើកឲ្យទទួលរៀងរាល់ថ្ងៃសៅរ៍ សម្រាប់ ប្រជាពលរដ្ឋដែលមានបំណងចង់បរិច្ចាគឈាម៕