ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា អ្នកនាំពាក្យក្រសួងបង្រួបបង្រួមរបស់ប្រទេសនេះ បានប្រកាសនៅថ្ងៃសុក្រ ទី១៦ ខែសីហានេះ ក្នុងការច្រានចោលនូវសំណើរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ដែលចង់ជួបចរចាជាមួយកូរ៉េខាងជើង ។
ស្របពេលនៃការប្រកាសច្រានចោលនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចំនួនពីរគ្រាប់បន្ថែមទៀតហើយ ដែលជាការបាញ់សាកល្បងមីស៊ីលលើកទី៦ក្នុងរយៈពេលមិនដល់មួយខែផង ។
មីស៊ីលពីរគ្រាប់ដែលកូរ៉េខាងជើងបានបាញ់សាកល្បងនៅព្រឹកថ្ងៃសុក្រនេះ មិនទាន់មានការបញ្ជាក់ថាជាមីស៊ីលប្រភេទអ្វីទេ ប៉ុន្តែការបាញ់សាកល្បង៥លើកកាលពីមុន គឺជាមីស៊ីលប្រភេទបាលីស្ទិករយៈចម្ងាយខ្លី ៕