ភ្នំពរញ៖ក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឲ្យមន្ត្រីរាជការសិក្សាស្វែងយល់ពីទិដ្ឋភាពច្បាប់ដើម្បីពង្រឹងជំនាញ ក្នុងការទាញយកប្រយោជន៍ធំដើម្បីជំរុញកិច្ចអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ជាពិសេសជួយធ្វើឲ្យប្រទេសមានលទ្ធភាពចូលរួមពេញលេញនៅក្នុងការចរចាពាណិជ្ជកម្មពហុភាគី និងទ្វេភាគី។ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីច្បាប់ពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងក្របខ័ណ្ឌពាណិជ្ជកម្មអន្តរជាតិ កាលពីថ្ងៃទី១៩ សីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ។
លោកឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជាជារដ្ឋសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងក្របខ័ណ្ឌអាស៊ាន ហើយក៏ជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោមអង្គការពាណិជ្ជកម្មពិភពលោកដែលធ្វើឱ្យកម្ពុជាមានកាតព្វកិច្ចដាក់ចេញនូវវិធានការក្នុងការធ្វើកំណែទម្រង់ច្បាប់បទបញ្ញត្តិដែលមានស្រាប់ និងត្រូវបង្កើតច្បាប់បទបញ្ញាតិជាច្រើនទៀត ដើម្បីបំពេញតាមលក្ខខណ្ឌសមាជិកភាព ស្របតាមវិធានពាណិជ្ជកម្មអន្តរជាតិ។
លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ជាក់ស្តែងក្រសួងពាណិជ្ជកម្មកំពុងតែអនុវត្តនូវផ្នែកមួយនៃកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មតាមរយៈការដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធស្វ័យប្រវត្តកម្ម ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងសម្រួលដល់វិស័យធុរកិច្ចនៅកម្ពុជា។
លោកសួន វិជ្ជា ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម បានបញ្ជាក់ថា ច្បាប់នេះមានចំនួន ០៨កម្រិត ដែលនឹងត្រូវរៀបចំជាបន្តបន្ទាប់ទៀត រួមមាន៖ ផ្តោតសំខាន់ទៅលើកអង្គការពាណិជ្ជកម្មពិភពលោក(WTO)និងកិច្ចព្រមព្រៀងទូទៅស្តីពីទំនិញ និងពន្ធគយ, កិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់, កម្មសិទ្ធិបញ្ញា, គោលនយោបាយពាណិជ្ជកម្ម, ច្បាប់វិនិយោគអន្តរជាតិ, ច្បាប់សហគ្រាសពាណិជ្ជកម្មកម្ពុជា, មូលដ្ឋានគ្រឹះនៃប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិនិងពន្ធដារកម្ពុជា និងនីតិវិធីនាំចេញ-នាំចូល៕