កញ្ញា ទេព បូព្រឹក្ស ដែលជាតារាចម្រៀងដ៏ល្បីល្បាញមួយរូបបានស្រែកទ្រហោរយំ និងរៀបរាប់ពីសេចក្តីឈឺចាប់យ៉ាងខ្លាំង ខណៈដែលកំពុងតែច្រៀងសុខៗ មានបុរសម្នាក់បានយកទឹកស្រាបៀរមកជះនិងគប់កំប៉ុងទៅលើខ្លួននាង ដែលធ្វើឲ្យនាងខ្មាស់គេ និងឈឺចាប់យ៉ាងខ្លាំង ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភោជ្ជនីយ៍ដ្ឋាន ( សមុទ្រ) ក្បែរមន្ទីរពេទ្យកុមារជាតិ នៅតាមបណ្ដោយផ្លូវលេខ១១៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមការរៀបរាប់របស់កញ្ញា ទេព បូព្រឹក ទាំងក្ដីឈឺចាប់បាននិយាយថា កញ្ញាបានមកភោជ្ជនីយ៍ដ្ឋានខាងលើគឺត្រៀមច្រៀង៦បទ រួចទៅច្រៀងមួយកន្លែងទៀត។ លុះពេលដែលកញ្ញាកំពុងតែឈរច្រៀងនៅឆាក ស្រាប់តែមានបុរសម្នាក់ដែលគេសង្ស័យថាជាសាច់ញាត្តិរបស់ម្ចាស់ហាង បានយកទឹកស្រាបៀរនិងកំប៉ុងស្រាបៀរគប់ដាក់រូបនាងតែម្តងធ្វើឲ្យកញ្ញាខឹងសម្បារ ព្រមទាំងមានការឈឺចាប់ខ្លាំងបំផុត ហើយក្រោយពីបង្កហេតុ បុរសបង្ករូមទាំងមិត្តភ័ក្រនាំគ្នាគេចខ្លួនបាត់អស់។
លោក DJ ដេវីត ដែលជាគូរស្នេហ៍របស់កញ្ញា ទេព បូព្រឹក្សនិងជាតារាចម្រៀង រេប ប្រចាំផលិតកម្មរស្មីហង្សមាស បានប្រាប់អ្នកសារព័ត៌មានថា កញ្ញា ទេព បូព្រឹក្ស មិនដែលមានទំនាស់ជាជនបង្កនោះទេ ហើយលោក បានស្នើរសុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងស្នើរឲ្យជនបង្កហេតុចូលខ្លួនដោះស្រាយឲ្យឆាប់បំផុត និងតាមសន្តិវិធី ៕