លោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានសរសេរតាមប្រព័ន្ធ Twitter របស់លោក កាលពីថ្ងៃសុក្រ ទី២៣ ខែសីហានេះថា អាមេរិកនឹងដំឡើងពន្ធនាំចូលពីប្រទេសចិន ក្នុងតម្លៃទឹកប្រាក់ ៥៥០ពាន់លានដុល្លារនៅពេលខាងមុខ។ ដែលនេះបើតាមការចុះផ្សាយរបស់ RT។
លោក ត្រាំ បានសរសេរបន្ថែមថា ទំនិញរបស់ប្រទេសចិនក្នុងតម្លៃទឹកប្រាក់២៥០ពាន់លានដុល្លារ ដែលអាមេរិកបានដំឡើងពន្ធ២៥%រួចហើយ នឹងត្រូវដំឡើងពន្ធរហូតដល់៣០% គឺបង្កើន៥%បន្ថែមទៀត និងចូលជាធរមាននៅថ្ងៃទី០១ ខែតុលាខាងមុខនេះ ។
ចំពោះទំនិញចិននាំចូលអាមេរិកក្នុងតម្លៃទឹកប្រាក់៣០០ពាន់លានដុល្លារ ដែលអាមេរិកគ្រោងនឹងយកពន្ធ១០% គឺត្រូវយកពន្ធ១៥% និងចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញាខាងមុខនេះ ៕