ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពីរឆ្នាំកន្លងផុតទៅជនភៀសខ្លួន រ៉ូហ៊ីងយ៉ានៅតែជាវិបត្តិរបស់បង់ក្លាដែសនៅឡើយ

រហូតមកដល់ខែសីហា ឆ្នាំ២០១៩នេះ ពេលវេលាបានកន្លងហួសទៅអស់រយៈពេលពីរឆ្នាំហើយ ហើយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង៧០ម៉ឺននាក់ ដែលបានរត់ភៀសខ្លួនចេញពីសហភាពមីយ៉ានម៉ាទៅកាន់ប្រទេសបង់ក្លាដែស នៅតែបន្តជាវិបត្តិនៅឡើយដោយមិនទាន់បានដោះស្រាយចេញនៅឡើយទេ ។

កាលពីថ្ងៃអាទិត្យ ទី២៥ ខែសីហានេះ ជនមូស្ល៊ីរ៉ូហ៊ីងយ៉ានៅក្នុងជំរំជនភៀសខ្លួនក្នុងប្រទេសបង់ក្លាដែស បានប្រារព្ធពិធីខួបទីពីរឆ្នាំនៃការរត់ភៀសខ្លួនចេញពីសហភាពមីយ៉ានម៉ា ទៅកាន់ប្រទេសបង់ក្លាដែស ខណៈដែលកងកម្លាំងយោធាមីយ៉ានម៉ាបានបង្ក្រាបយ៉ាងចាស់ដៃលើជនជនមូស្ល៊ីមរ៉ូហ៊ីងយ៉ានៅលើទឹដីរបស់ខ្លួន កាលពីខែសីហា ឆ្នាំ២០១៧កន្លងទៅ ។

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ មន្ត្រីរដ្ឋាភិបាលមីយ៉ានម៉ា និងបង់ក្លាដែស បានជួបចរចាជាច្រើនលើក ក្នុងបំណងបញ្ជូនជនភៀសខ្លួនពីបង់ក្លាដែសទៅកាន់មីយ៉ានម៉ាវិញ ប៉ុន្តែជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅតែមិនទាន់ត្រូវបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់មីយ៉ានម៉ាវិញទេ ។
កាលពីថ្ងៃសៅរ៍ ទី២៣ ខែសីហានេះ ដំណើរការធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ពីប្រទេសបង់ក្លាដែសទៅកាន់សហភាពមីយ៉ានម៉ាវិញ ត្រូវខកខានសាជាថ្មី ដោយសារជនមូស្ល៊ីមរ៉ូហ៊ីងយ៉ានៅជំរំជនភៀសខ្លួនបង់ក្លាដែស ប្រកែកមិនព្រមវិលត្រឡប់ទៅមីយ៉ានម៉ាវិញ ។

ការខកខាននេះ បានកើតឡើងក្រោយពីក្រុមអាជ្ញាធរបង់ក្លាដែស និងមីយ៉ានម៉ា បានព្រមព្រៀងគ្នាក្នុងការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណ៣៤៥០នាក់ពីបង់ក្លាដែសទៅមីយ៉ានម៉ាវិញ ដែលចាប់ផ្តើមដំណើរការពីថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហានេះទៅ ប៉ុន្តែជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រកែកមិនព្រមធ្វើមាតុភូមិនិវត្តន៍ ៕