ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសឲ្យដឹងពីគម្រោងសាងសង់ស្ពានអាកាសថ្មើរជើង ២ទៀត នៅមហាវិថីម៉ៅសេទុង។ គម្រោងទី១ មានទីតាំងស្ថិតនៅខាងកើតសាលាបឋមសិក្សាសន្ធរម៉ុក និងគម្រោងទី២ មានទីតាំងនៅខាងលិចផ្សារដើមគរ។
អាជ្ញាធររាជធានីភ្នំពេញ មិនទាន់ប្រកាសលម្អិតពីគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងទាំងពីរនេះ ថានឹងដំណើរការសាងសង់ នៅពេលណានោះទេ។
សាលារាជធានីភ្នំពេញ បានផ្សព្វផ្សាយតាមហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ថា “ប្រទេសជាតិ មានការអភិវឌ្ឍន៍កាន់តែរីកចំរើន ទីក្រុងកាន់តែស៊ីវីល័យ! រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងចំនួនពីរទីតាំង សម្រាប់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់តំបន់នោះប្រកបដោយសុវត្ថិភាព”។
អាជ្ញាធររាជធានីភ្នំពេញ លើកឡើងថា “គម្រោងទីមួយ មានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទុង ខាងកើតសាលាបឋមសិក្សាសន្ធរម៉ុក និងគម្រោងទីពីរ មានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទុង ខាងលិចផ្សារដើមគរ”។
នៅពេលនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏កំពុងសាងសង់ស្ពានអាកាស នៅរង្វង់មូលចោមចៅ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ ។
អាជ្ញាធររាជធានីភ្នំពេញ ក៏បានលើកឡើងថា ស្ពានថ្មើរជើងទាំង ២នេះ នឹងបង្កើនសម្រស់រាជធានីភ្នំពេញមួយកម្រិតទៀត ហើយស្ពាននេះ ក៏ជាកន្លែងផ្តល់សុវត្ថិភាពជូនអ្នកថ្មើរជើងបានល្អផងដែរ។ ជាទិសដៅរដ្ឋបាលរាជធានីភ្នំពេញ នឹងបង្កើតជាបន្តបន្ទាប់ទៀត តាមគោលដៅសំខាន់ៗ ក្នុងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា នៅភ្នំពេញ មានស្ពានអាកាសថ្មើរជើង ៣ កន្លែងរួចមកហើយ។ ២កន្លែង នៅជម្ពូរវ័ន្ត ឆ្លងកាត់ផ្លូវជាតិលេខ៤ និង១កន្លែងទៀត នៅចំណុចភ្លើងស្តុបនាងគង្ហីង ជាប់ពហុកីឡដ្ឋានជាតិអូរឡាំពិក។ រីឯស្ពានអាកាសសម្រាប់យានយន្ត បើកឆ្លងកាត់ចរាចរណ៍ នៅភ្នំពេញ មានចំនួន ៥ កន្លែង រួមមាន៖ នៅមហាវិថីសហព័ន្ធរុស្ស៊ី មានស្ពានអាកាស ៣ កន្លែង គឺនៅស្តុបផ្សារដីហុយ ស្ពានអាកាសស្តុបពេទ្យលោកសង្ឃ និងស្ពានអាកាសស្តុបតិចណូ រួមទាំងស្ពានអាកាស ២ទៀត នៅស្ទឹងមានជ័យ និងនៅក្បាលថ្នល់៕