លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើសុំដល់អាជ្ញាធរឃុំ ទង់ត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមពន្លឿនការធ្វើសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋ ដែលរស់នៅទីនោះ ឲ្យបានទាន់ពេលវេលា ខណៈសព្វថ្ងៃពួកគាត់បានធ្វើយូរហើយតែអាជ្ញាធរមិនសូវអើពើនោះទេ។
លោកឧកញ៉ាបាន លើកឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋឃុំទង់ត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី២៥ ខែសីហានេះថា ក្នុងនាមអាជ្ញាធរគួរតែយកចិត្តទុកដាក់បំរើសេវាសាធារណៈដល់ពលរដ្ឋឲ្យបានទាន់ពេលវេលា ដើម្បីកុំឲ្យពួកគាត់អាក់អន់ចិត្ត ហើយក៏ស្របតាមការអំពាវនាវរបស់ថ្នាក់ដឹកនាំកំពូលៗនាពេលកន្លងមកផងដែរ។
លោកឧកញ៉ាបានមានប្រសាសន៍ថា«ប្រជាពលរដ្ឋទូទាំងប្រទេសបានកំពុងទុកចិត្តយ៉ាងខ្លាំង ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដោយសារតែការដឹកនាំមានសុខសន្តិភាពនិងការអភិវឌ្ឍជាបន្តបន្ទាប់ ដូច្នេះការឃើញការដឹកនាំល្អពួកគាត់ក៏មានទំនុកចិត្តល្អ ចំពោះអាជ្ញាធរមូលដ្ឋានផងដែរ ហើយយើងត្រូវបំរើគាត់ឲ្យបានទាន់ពេលវេលា និងត្រូវបញ្ឈប់ការរើសអើងចំពោះ ពួកគាត់»។
លោកឧកញ៉ាក៏បានឧបត្ថម្ភថវិកាជាច្រើន ដើម្បីជុសជុលសាលាបឋមសិក្សា ហ៊ុន សែន ខ្ទឹងជុសជុលអនុសាខាកាកក្របាតក្រហម ស្រុកស្រីសន្ធរ និងបានជួយឧបត្ថម្ភដល់ពលរដ្ឋក្រីក្រជាច្រើននាក់ដែលកំពុងជួបការលំបាកមួយចំនួននៅឃុំផងដែ។ ក្រៅពីនោះក៏មានសប្បុរសជនមួយចំនួនបានឧបត្ថម្ភដល់ប្រជាជនក្រីក្រដែលមានជំងឺត្រូវវះកាត់ និងបានជួយធ្វើបុណ្យដល់ចាស់ជរានៅឃុំខាងលើនេះផងដែរ៕