ភ្នំពេញ៖ គណៈកម្មការមូលបត្រកម្ពុជាបានផ្តល់អាជ្ញាបណ្ណ៣ប្រភេទដល់ក្រុម១ ឲ្យធ្វើអាជីវកម្មរកស៊ីនៅក្នុងប្រទេសកម្ពុជា។
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានប្រកាសប្រគល់អាជ្ញាប័ណ្ណ និងបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិហ្គោលវេល ឯ.ក ។
លោកស៊ូ សុជាតិ បានបន្តថា ការប្រគល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនគ្រប់គ្រងមូលនិធី គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវឆន្ទះដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ឲ្យដំណើរទីផ្សារគម្រោងវិនិយោគរួមនៅកម្ពុជាបន្ទាប់ពីដាក់ឲ្យដំណើរការទីផ្សារមូលបត្រកម្មសិទ្ធិកាលពីឆ្នាំ២០១២, ដាក់ដំណើរការទីផ្សាឧបរណ៍និស្សន្ទកាលពីឆ្នាំ២០១៦ និងដាក់ដំណើរការទីផ្សារមូលបត្របំណុលកាលពីចុងឆ្នាំ២០១៨។
លោកបញ្ជាក់ថា «នៅបច្ចុប្បន្ននេះយើងមានក្រុមហ៊ុនបោះផ្សាយចំនួន៥ ដែលបានចុះបញ្ជីមូលបត្រកម្មសិទ្ធិនៅលើទីផ្សារ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន២ និងធនាគារពាណិជ្ជចំនួន១ បានចុះបញ្ជីបោះផ្សាយ និងបំណុលនៅលើទីផ្សារមូលបត្រកម្ពុជា»។
លោកអគ្គនាយកបានរំពឹងថា នៅក្នុងចុងឆ្នាំ២០១៩នេះគណៈកម្មការមូលបត្រ នឹងមានក្រុមហ៊ុន១ ឬ២ទៀតចុះបញ្ជីពីការបោះផ្សាយមូលបត្របំណុលជាសាធារណៈនៅកម្ពុជា។ ចំពោះទីផ្សារឧបករណ៍និស្សន្ទ គណៈកម្មការមួលបត្របានផ្តល់អាជ្ញបណ្ណឬអនុញ្ញាតដល់ក្រុម ហ៊ុនចំនួន៣៤ ឲ្យធ្វើអាជីវកម្ម ហើយទីផ្សារនេះមានកំណើនខ្ពស់គួរឲ្យកត់សម្គាល់។
លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងដែរថា «ការដាក់ឲ្យដំណើរការក្រុមហ៊ុនគ្រប់គ្រងហ្គោល វេល ឯ.កជាផ្លូវការ នេះ ជាសក្ខីភាពនៃការត្រៀមខ្លួនរួចរាល់សម្រាប់ការដាក់ឲ្យដំណើរការទីផ្សារគម្រោងវិនិយោគថ្មីមួយទៀត ដែលនឹងអាចអនុញ្ញាតឲ្យក្រុមហ៊ុនគ្រប់គ្រងមូលនិធិ កៀរគរមូលធនពីសាធារណជនដើម្បីធ្វើការវិនិយោគនៅលើកគម្រោងជាក់លាក់ណាមួយ ដែលទទួលបានការអនុញ្ញាតពីគណៈកម្មការមូលបត្រកម្ពុជា»។
លោកស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជាបានបញ្ជាក់បន្ថែមថា ការផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុននៅថ្ងៃនេះដោយសារក្រុមហ៊ុននេះមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារ ហើយសុទ្ធតែមានអ្នកជំនាញខាងជីវកម្មភាពថែមទៀត។ «ការរៀបចំ ឬការបង្កើតមូលនិធិ គឺត្រូវមានការចុះបញ្ជីនៅផ្សារមូ លបត្រកម្ពុជា អីញ្ចឹងដើម្បីគម្រោង ឬមូលនិធិបានក្រុមហ៊ុនត្រូវការអ្នកជំនាញចូលរួមជាមួយ ហើយអ្នកជំនាញដែលមិនអាចខ្វះបាន គឺជំនាញផ្នែកហិរញ្ញវត្ថុ។ អ៊ីចឹងទីផ្សារគម្រោងវិនិយោគ គឺមិនអាចខ្វះបានគឺអ្នកជំនាញ»។
សូមបញ្ជាក់ថា គណៈកម្មការមូលបត្រកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណ៣ប្រភេទ ដល់ក្រុមហ៊ុនហ្គោល វេល ឯ.ក ជាមួយក្រុមហ៊ុនទី១ ដែលរួមមាន៖
១. អាជ្ញាប័ណ្ណអាជីវកម្មបង្កើត គ្រប់គ្រង និងចាត់ចែងមូលនិធិសាធារណៈ
២. អាជ្ញាប័ណ្ណអាជីវកម្មបង្កើត គ្រប់គ្រង និងចាត់ចែងមូលនិធិឯកជន និង
៣. អាជ្ញាប័ណ្ណអាជីវកម្មបង្កើត គ្រប់គ្រង និងចាង់ចែតមូលនិធិសាធារណៈ និងឬ ឯកជនដែលធ្វើឡើងតាមរយៈប្រព័ន្ធបច្ចេកវិទ្យា៕