ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តរជាតិ នៅថ្ងៃទី៣០សីហានេះបានប្រកាសថា តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងភរិយា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ០២-០៤ ខែកញ្ញា ឆ្នាំ២០១៩ ។
ក្រសួងការបរទេស បញ្ជាក់ថា «ដំណើរទស្សនកិច្ចផ្លូវការរបស់លោកបណ្ឌិតមហាធា មហាម៉ាត់ នៅកម្ពុជា នឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដ៏ល្អរវាងកម្ពុជានិងម៉ាឡេស៊ី ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ»
សេចក្តីប្រកាស បានបញ្ជាក់ថា ក្នុងអំឡុងទស្សនកិច្ចនេះលោកនាយករដ្ឋមន្ត្រីម៉ាឡាស៊ី នឹងចូលជួបសំដែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
លោកបណ្ឌិត មហាធា មហាម៉ាត់ នឹងជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនៅក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួមផងដែរ។ បន្ទាប់មក នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងធ្វើការប្រកាសព័ត៌មានរួមគ្នា។
ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕