លោក សួន សុផល ប្រធាននាយកដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍ បានលើកឡើងនៅក្នុងវេទិការធុរកិច្ចកម្ពុជា-ចិន នៃ ខេត្តក្វាងទុង នៅថ្ងៃទី៣០ ខែសីហានេះថា កម្ពុជាជាប្រទេសមានសក្តានុពលគ្រប់បែបយ៉ាង និងមានលក្ខណៈជាយុទ្ធសាស្ត្របំផុត ជាពិសេសនៅចំកណ្តាលបេះដូងអាស៊ាន ក្នុងការផ្តល់លក្ខណៈងាយស្រួល សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ។
លោកបានមានប្រសាសន៍ថា«រាជរដ្ឋាភិបាលកម្ពុជាមានទិសដៅយ៉ាងច្បាស់លាស់នៅក្នុងផែនការយុទ្ធសាស្រ្តរបស់ខ្លួន ក្នុងការក្លាយខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ជាក់ស្តែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ កម្ពុជាបានផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយយកមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍ផ្នែកវិស័យឯកជនជាធំ ដើម្បីសម្រេចតាមគោលបំណងដ៏ពិសិដ្ឋនេះ »។
នៅក្នុងដំណាក់អភិវឌ្ឍន៍នេះ កម្ពុជាបានរៀបចំខ្លួនរួចជាស្រាច់ ដើម្បីទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត ព្រោះកម្ពុជាជាប្រទេសមានសក្តានុពលគ្រប់បែបយ៉ាង ជាពិសេសស្ថិតនៅចំកណ្តាលបេះដូងអាស៊ាន និងមានលក្ខណៈជាយុទ្ធសាស្ត្របំផុត ដោយបានផ្តល់លក្ខណៈល្អប្រសើរគ្រប់បែបយ៉ាង សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ។
សម្រាប់ លោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចាត់ទុកថា កម្ពុជា-ចិន ជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការទី១ និងជាប្រទេសដៃគូយ៉ាងសំខាន់ក្នុងការជម្រុញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ នៃប្រទេសទាំង ឲ្យកាន់តែមានការរីកចម្រើន ជាក់ស្តែងនៅកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុមានក្រុមហ៊ុនកំពុងវិនិយោគចំនួន ១៣១ ដោយមានទំហំទុនវិនិយោគប្រមាណ ៤៦១លានដុល្លាអាមេរិក។
លោកបានមានប្រសាសន៍ថា«ក្នុងនោះចិនមាន១២១ក្រុមហ៊ុនស្មើ នឹងប្រមាណជាង៩២% ដែលសូចនករនេះ ជាលទ្ធផល និងជាកត្តាលិករ បង្ហាញពីសក្តានុពលក្នុងការវិនិយោគយ៉ាងសំខាន់ »។
ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតស៊ីគ្នា, ការចុះហត្ថលេខាលើពិធីសារស្តីពី ការនាំអង្ករ, ដំឡូង, ពោតនិងផ្លែចេកកម្ពុជាទៅប្រទេសចិន, ក្នុងនោះកម្ពុជា-ចិន កំពុងត្រៀមចុះហត្ថលេខាលើផលិតផលកសិកម្មជាច្រើនទៀតដូចជា៖ ផ្លែស្វាយ មៀន ម្នាស់ ធុរេន ស្រការនាគ ម្រេច សំបុកទឹកមាត់ត្រចៀកកាំ ដូង និងផលិតផលជាច្រើនទៀត ៕