ចំណែកទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម ក៏ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា នៅថ្ងៃទី១០កញ្ញានេះ ទឹកបានឡើងបន្តិច ដោយបន្តស្ថិតនៅលើកម្រិតកម្ពស់ប្រុងប្រយ័ត្ន ផងដែរ។ កម្រិតកម្ពស់ទឹកទន្លេ នៅលើកម្រិតកម្ពស់ប្រុងប្រយ័ត្ន នាព្រឹកថ្ងៃទី១០ ខែកញ្ញានេះ ក៏បន្តនៅទន្លេបាសាក់-កោះខែល ក្នុងខេត្តកណ្តាល។
រីឯនៅទន្លេបាសាក់-ចតុមុខ ក្នុងរាជធានីភ្នំពេញ នៅទន្លេមេគង្គ-អ្នកលឿង ក្នុងខេត្តព្រៃវែង នៅទន្លេសាប-ព្រែកក្តាម នៅខេត្តកណ្តាល និងនៅបឹងទន្លេសាប-កំពង់លួង ក្នុងខេត្តកំពង់ឆ្នាំង គឺនៅថ្ងៃទី១០ ខែកញ្ញានេះ ទឹកឡើងតិចតួច ហើយក៏មិនទាន់ដល់កម្រិតកម្ពស់ប្រុងប្រយ័ត្ននៅឡើយទេ។
តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងរយៈពេល ៣ថ្ងៃបន្តទៀត គឺចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា កម្ពស់ទឹកនៅទន្លេមេគង្គ ខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ចាម ទឹកនឹងបន្តស្រក់ចុះបន្តិច តែស្ថិតនៅលើកម្រិតកម្ពស់ប្រុងប្រយ័ត្ននៅឡើយ។ ដោយឡែក នៅទន្លេបាសាក់-កោះខែល ក្នុងខេត្តកណ្តាល គឺកម្ពស់ទឹកបន្តឡើង ហើយស្ថិតនៅលើកម្រិតកម្ពស់ប្រុងប្រយ័ត្នផងដែរ។ រីឯនៅទន្លេបាសាក់-ចតុមុខ ទន្លេបាសាក់-កោះខែល និងនៅទន្លេសាប-ព្រែកក្តាម រយៈពេល ៣ថ្ងៃទៀតនេះ ទឹកនឹងបន្តឡើងតិចតួច ហើយក៏មិនទាន់ដល់កម្រិតកម្ពស់ប្រុងប្រយ័ត្ននោះទេ៕