ប្រទេសទេសចិនបានចេញផ្សាយនូវបញ្ជីមុខទំនិញនាំចូលរបស់អាមេរិកចំនួន១៦ មុខដែលនឹងត្រូវរួចផុតពីការដំឡើងពន្ធក្នុងសង្គ្រាមពាណិជ្ជកម្ម និងកំពុងបន្តរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ។
មុខទំនិញទាំងនោះរួមមាន ឱសថព្យាបាលជំងឺមហារីក និងចំណីសត្វជាដើម ប៉ុន្តែនៅមានផលិតផលជាង ៥,០០០ប្រភេទទៀតនៅលើបញ្ជី និងបញ្ជីមុខទំនិញដែលនៅតែត្រូវបង់ពន្ធបន្ថែមទៀត គឺមានរយៈពេលយូរជាងនេះ។ទោះយ៉ាងណាអ្នកវិភាគមួយចំនួនចាត់ទុកថា ការលើកលែងការដំឡើងពន្ធនេះជាសញ្ញាវិជ្ជមានមួយរបស់ចិន មុនពេលជួបចរចាជាមួយសហរដ្ឋអាមេរិក។
កាលពីថ្ងៃអង្គារប្រធានាធិបតីអាមេរិកលោក Donald Trump បានកោតសរសើរចំពោះការសម្រេចចិត្តនេះ ដោយនិយាយថា កាយវិការនេះអាចជួយដល់កិច្ចចរចាពាណិជ្ជកម្មនាពេលខាងមុខ។កិច្ចប្រជុំបឋមគ្រោងនឹងធ្វើឡើងនៅចុងខែនេះក្នុងទីក្រុងវ៉ាស៊ីនតោន មុនពេលដែលរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Steven Mnuchin និងតំណាងពាណិជ្ជកម្មលោក Robert Lighthizer ជួបជាមួយឧបនាយករដ្ឋមន្ត្រីចិនលោក Liu He នៅខែតុលា។
លោក Trump បាននិយាយថា ពួកគេបានធ្វើកិច្ចការចំនួន២ កាលពីយប់មិញដែលពិតជាល្អណាស់។ខ្ញុំគិតថា ពួកគេបានធ្វើរឿងត្រឹមត្រូវហើយ។ ផលិតផលនាំចេញសំខាន់ៗរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនមានដូចជា សាច់ជ្រូក សណ្ដែកសៀង និងរថយន្តដែលផលិតនៅអាមេរិកស្ថិតក្នុងចំណោមទំនិញដែលនៅតែរងផលប៉ះពាល់ ដោយសារការបង់ពន្ធខ្ពស់៕