តាកែវ៖ មន្ត្រីកាំកុងត្រូលខេត្តតាកែវ និងមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យមុខទំនិញដាក់លក់នៅក្នុងផ្សារតាកែវនៅព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩នេះ រកឃើញក្រុមហ៊ុនអំបិលចំនួន២ មិនបានដាក់បញ្ចូលនូវសាធាតុ អ៊ីយ៉ូដ ដែលផ្ដល់សារសំខាន់ដល់ការរីកលូតលាស់រាងកាយ បញ្ញាស្មារតីរបស់កុមារ និងមនុស្សគ្រប់វ័យ។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានបញ្ជាក់ថា មន្ត្រីជំនាញកាំកុងត្រូល បានរកឃើញអំបិលដែលផលិតដោយក្រុមហ៊ុន២ គឺក្រុមហ៊ុន ទា គីមហួរ និងក្រុមហ៊ុន ឡូម៉ា មិនមានដាក់សាធាតុអ៊ីយ៉ូដ នៅក្នុងអំបិលនោះទេ។
មន្ត្រីជំនាញបានណែនាំដល់អាជីវករ និងក្រុមហ៊ុនទាំង២ខាងលើ ឲ្យនាំយកអំបិលដែលមានដាក់សាធាតុ អ៊ីយ៉ូដ មកចែកចាយលក់លើទីផ្សារឡើងវិញ កុំនាំយកអំបិលដែលក្លែងបន្លំគុណដូចនេះមកលក់។
លោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវបានអំពាវនាវដល់បងប្អូនអាជីវករដែលដាកលក់ទំនិញនៅលើទីផ្សារទាំងអស់ត្រូវតែលក់ទំនិញដែលគ្មានដាក់សារធាតុគីមីដែលនាំឲ្យប៉ះពាល់សុខភាពបងប្អូនប្រជាពលរដ្ឋជាពិសេសការដាក់អំបិលត្រូវតែអំបិលដែលមានសាធាតុអ៊ីយ៉ូដ ព្រោះការប្រើប្រាស់អំបិលដែលគ្មានជាតិអ៊ីយ៉ូដ វានឹងធ្វើឲ្យអ្នកប្រើប្រាស់ពកករ និងមិនមានការរីកលូតលាស់ដល់បញ្ញាស្មារតីរបស់មនុស្សជាពិសេសរូបរាងកាយរបស់កុមារ។
លោក ប៉ោ លាងគង់ បានឲ្យដឹងថា នៅក្នុងការចុះត្រួតពិនិត្យទំនិញដែលដាក់លក់លើទីផ្សារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក្រៅតែពីអំបិលនេះ គឺមន្ត្រីជំនាញរកឃើញមិនមានសាធាតុអ៊ីយ៉ូដក្រៅពីនេះ ទំនិញហូបចុក និងគ្រឿងកំប៉ុងដែលដាក់លក់លើទីផ្សារមន្ត្រីជំនាញរកមិនមិនឃើញមានសារធាតុគីមី ទំនិញហួសការបរិច្ឆេទ ឬខូចគុណភាពនោះទេ៕