ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ​ ចែកម៉ូតូ២គ្រឿងដល់សិស្សជាប់និទ្ទេសA ២នាក់នៅស្រុកខ្សាច់កណ្តាល

កណ្តាល៖ លោកកៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចលនាយុវជនកម្ពុជា ប្រចាំស្រុកខ្សាច់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៩ និងប្រគល់រង្វាន់ម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៩ចំនួន២គ្រឿងដល់សិស្សនិទ្ទេសA ចំនួន២នាក់ និងប្រាក់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស B C D និងE ។

លោក ប៊ុន ផេង អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាលបានឱ្យដឹងថាទូទាំងស្រុកខ្សាច់កណ្តាល សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ មានចំនួនសរុប ៧៨៦នាក់ ក្នុងនោះស្រីមានចំនួន៤២៧នាក់ ដោយឡែកសិស្សបានប្រឡងជាប់មានចំនួន៥៩៩នាក់ ស្រីមាន៣៩១នាក់។ សិស្សប្រឡងជាប់និទ្ទេសA មានចំនួន២នាក់ ស្រី០១ នាក់ និទ្ទេស B មានចំនួន១៦នាក់ ស្រី១៣នាក់ និទ្ទេសC ចំនួន៥៨នាក់ ស្រី ៣២នាក់ និទ្ទេស D ចំនួន១១៨នាក់ ស្រី៦៩នាក់ និងនិទ្ទេសE ចំនួន៤០នាក់ ស្រី២២៤នាក់ ត្រូវជាប្រមាណ៧០.២០%។

លោកកៅ ថាច បានប្រសាសន៍ផ្តាំផ្ញើអបអរសាទរដល់សិស្សជាប់ជ័យលាភីទាំងអស់ និងការសាកសួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ពីសំណាក់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  បានផ្តល់អំណោយម៉ូតូស៊េរីឆ្នាំ២០១៩ ចំនួន២គ្រឿង ប្រគល់ជូនដល់សិស្សទទួលបាននិទ្ទេសA ចំនួន២ នាក់ និងថវិកាសរុបចំនួន ២៥ ០០០ ០០០ រៀល ដើម្បីឧបត្ថម្ភសិស្សទទួលជ័យលាភី A B C D E និងលោកគ្រូ អ្នកគ្រូចំនួន៩១នាក់ ដែលអញ្ជើញមកពីវិទ្យាល័យទាំង៤ក្នុងស្រុកខ្សាច់កណ្តាល។

លោកកៅ ថាច បានសម្ដែងនូវក្ដីរីករាយ និងចូលរួមអបអរសាទរចំពោះក្មួយៗ ជាសិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A, B, C, D និង E ឆ្នាំសិក្សា២០១៨-២០១៩ ដែលបានខិតខំរៀនសូត្ររហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ ហើយលទ្ធផលដែលក្មួយៗ ជាសិស្សានុសិស្សទទួលបាននាពេលនេះ មិនមែនគ្រាន់តែជាកិតិ្តយសសម្រាប់ក្មួយៗ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាកិតិ្តយសសម្រាប់ប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល និងទូទាំងខេត្តកណ្ដាលផងដែរ។

លោកបានបញ្ជាក់ថា លទ្ធផលដែលក្មួយៗទទួលបាននាពេលនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះឡើយ គឺកើតឡើងដោយការខិតខំតស៊ូព្យាយាមសិក្សារៀនសូត្ររបស់ក្មួយៗតែម្ដង និងជាពិសេសក្រោមការបង្ហាត់បង្រៀន និងការយកចិត្តទុកដាក់ពីលោកនាយកសាលា លោកគ្រូ អ្នកគ្រូ ដែលបានចំណាយពេលវេលាកំលាំងកាយ និងកំលាំងចិត្ត៕