ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឱ្យប្រើប្រាស់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារថ្មីមួយគ្រឿងថែមទៀតរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ។ កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ។
ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងចូលរួមចំណែកបំពេញតម្រូវការ របស់ប្រជាពលរដ្ឋ ដើម្បីទទួលបាននូវភាពកក់ក្តៅ និងដោះស្រាយទាន់ពេលវេលា ចំពោះបាតុភាព ហានិភ័យ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាព។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា រថយន្តមន្ទីរពិសោធន៍ចល័តនេះ អគ្គនាយកដ្ឋានកាំកុងត្រូល នឹងចូលរួមកែតម្រូវគោលនយោបាយ ដើម្បីគ្រប់គ្រងនូវកិច្ចការសមស្របទៅតាមច្បាប់កំពុងអនុវត្តន៍ទៅលើសុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ និងភាពប្រកួតប្រជែងឱ្យមានសមភាព។
រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកចំណីម្ហូបអាហារមានចំនួន ៣គ្រឿង និង ១គ្រឿងផ្សេងទៀត ។ ត្រួតពិនិត្យប្រេងឥន្ធនៈ។ ក្រសួងពាណិជ្ជកម្មនឹងខិតខំប្រឹងប្រែង រៀបចំឱ្យមានរថយន្តពិសោធន៍ចល័តនេះក្នុងរាជធានី-ខេត្តនីមួយៗទាំងអស់ សម្រាប់បម្រើការឱ្យទាន់ពេលវេលាទៅតាមទីផ្សារ ជាពិសេសនៅតាមជនបទ។
សូមបញ្ជាក់ថា រថយន្តមន្ទីរពិសោធន៍ចល័តនេះ ក៏នឹងផ្តល់សេវាត្រួតពិនិត្យ និងវិភាគជូនដល់ប្រជាពលរដ្ឋ អាជីវករ នៅតំបន់ជនបទ ដែលអាចធ្វើការវិភាគ និងទទួលបានលទ្ធផលលឿន ព្រមទាំងអនុញ្ញាតឱ្យមន្ត្រីជំនាញកាំកុងត្រូល អាចចាត់វិធានការឆ្លើយតបបានទាន់ពេលវេលា ៕